អន្តរជាតិ

អគ្គិភ័យឆាបឆេះស្ថានីយសេវាកម្មរថយន្តនៅទីក្រុងមូស្គូរុស្ស៊ីយ៉ាងសន្ធោសន្ធៅនៅថ្ងៃអង្គារនេះ

អគ្គិភ័យបានឆាបឆេះស្ថានីយសេវាកម្មរថយន្តមួយកន្លែងទ្រង់ទ្រាយធំនៅក្នុងរដ្ឋធានីមូស្គូប្រទេសរុស្ស៊ី នៅថ្ងៃអង្គារទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ខណៈសង្ស័យអាចមានអ្នកស្លាប់ និងរបួស។

យោងតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS ក៏ដូចជា RIA Novosti  រុស្ស៊ីបានឲ្យដឹងនៅថ្ងៃអង្គារនេះថា អគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅយ៉ាងពិតប្រាកដ​ទ្រង់ទ្រាយធំលើស្ថានីយសេវាកម្មរថយន្តមួយនៅសង្កាត់ភាគខាងជើងខាងកើតទីក្រុងមូស្គូ តាមផ្លូវ Dekabristov ។  តាមព័ត៌មានលម្អិត បុគ្គលិកសង្គ្រោះបន្ទាន់បានជួយសង្គ្រោះមនុស្សបានបីនាក់ហើយ ខណៈពីរនាក់ទៀតកំពុងជាប់គំាង។ មានសេចក្តីរាយការណ៍ថា កំប៉ុងប្រេងឥន្ធនៈបានផ្ទុះនៅខាងក្នុង​ស្ថានីយសេវាកម្ម ហើយដំបូលបានដួលរលំមួយផ្នែកដោយសារតែភ្លើង។

យោងតាម RIA Novosti ដដែល ភ្លើងបានគ្របដណ្តប់លើផ្ទៃដី ១៥០០ ម៉ែត្រក្រឡា។ ការពន្លត់មានភាពស្មុគស្មាញ ដោយសារកន្លែងកើតហេតុសម្បូរទៅដោយសម្បកកង់និងប្រេង​នៅក្នុងអគារ។ នៅជិតកន្លែងឆេះនោះ ត្រូវបានគេដឹងថា មានវិទ្យាស្ថានស្រាវជ្រាវឧបករណ៍យោធា បណ្តាញត្រួតពិនិត្យសម្រាប់កន្លែងផលិតអាវុធយន្តហោះចម្បាំង និងអាកាសចរណ៍រុស្ស៊ី៕

ប្រភព៖Ukrainska Pravda

ប្រភពរូប៖Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា