សន្ដិសុខសង្គម

ស្វែងរកចាប់តៃកុងរថយន្តបុករួចកិនផាស្អេបខ្ទេច បណ្ដាលឱ្យកូនស្លាប់ ឪពុករបួសធ្ងន់

ភ្នំពេញ៖សមត្ថកិច្ចកំពុងស្វែងរកចាប់តៃកុងរថយន្តបើកវ៉ាជែងជ្រុលបុករួចកិនផាស្អេបចតលើចិញ្ចើមផ្លូវខូចខ្ទេចទាំងស្រុង បណ្តាលឱ្យកូនស្រីស្លាប់និងឪពុករងរបួសធ្ងន់។ហេតុការណ៍គួរឱ្យព្រឺព្រួចនេះ​បានកើតឡើងនៅតាមផ្លូវ៤០ម៉ែត្រ ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ កាលពីថ្ងៃទី១៣ ខែកុម្ភៈ។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ក្មេងស្រីដែលស្លាប់ឈ្មោះ ថាវ ជីអ៊ីង អាយុ២ខួប២ខែ។ចំណែកបុរសជាឪពុកក្រោយមានគ្រោះថ្នាក់ភ្លាមត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ផ្លាកលេខត្បូងឃ្មុំ 3A-2379 អ្នកបើកបរបានរត់គេចខ្លួនបាត់។

មុនកើតហេតុ ជនរងគ្រោះជាឪពុកជាអ្នករត់ផាស្អេបបានដឹកម៉ូយមកដាក់ម្តុំកន្លែងកើតហេតុ  ដោយមានកូនស្រីអាយុជាង២ខួបមកជាមួយដែរព្រោះម្តាយរវល់ទៅធ្វើការ។ពេលផាស្អេបឈប់លើចិញ្ចើមផ្លូវ ឪពុកបានបញ្ចុកបាយកូនស្រី ស្រាប់តែមានរថយន្តធំដឹកទំនិញ បានបើកវ៉ាជែងរថយន្តមួយគ្រឿងទៀតក៏រេចង្កូតជ្រុលបុកនិងកិនផាស្អេបជាប់ក្រោមរថយន្តបង្កខូចខ្ទេចទាំងស្រុងនិងក្មេងស្រីតូចស្លាប់នៅនឹងកន្លែង រីឯបុរសជាឪពុករងរបួសធ្ងន់៕ដោយ៖វិចិត្រ