អន្តរជាតិ

សហរដ្ឋអាម៉េរិកប្រកាសអាសន្នចុងក្រោយ ប្រាប់ប្រជាជនខ្លួនឲ្យចាកចេញពីរុស្ស៊ីជាបន្ទាន់

សហរដ្ឋអាម៉េរិក ប្រកាសអាសន្នចុងក្រោយឲ្យប្រជាជនខ្លួនទាំងអស់ប្រញាប់ចាកចេញពីទឹកដីរុស្ស៊ី​ជាបន្ទាន់ ខណៈដែលស្ថានការណ៍សង្រ្គាមប្រថុយប្រថាន អំណាចទូតមិនអាចគ្រប់គ្រងសព្វជ្រុងជ្រោយ​នោះទេ។

សហរដ្ឋអាម៉េរិកកាលពីថ្ងៃចន្ទសប្តាហ៍នេះ បានចេញសេចក្តីណែនាំកម្រិត៤ ដែលជាកម្រិតអាសន្នខ្ពស់​បំផុតមួយទៅកាន់ពលរដ្ឋអាម៉េរិកដែលកំពុងរស់នៅ ចេញចូលប្រទេសរុស្ស៊ី។  សេចក្តីណែនាំបាន​និយាយថា ពលរដ្ឋអាម៉េរិកទាំងអស់គួរតែចាកចេញពីប្រទេសរុស្ស៊ីជាបន្ទាន់ ហើយបញ្ឈប់ការធ្វើដំណើរ​ផ្សេងៗទៅកាន់ប្រទេសនេះទៀត ខណៈដែលសង្រ្គាមឈ្លានពានអ្នកជិតខាងអ៊ុយក្រែននៅតែបន្តខ្លាំង​ឡើងៗ​មិនបានថមថយនោះទេ។ ក្រសួងបានលើកឡើងពីហានិភ័យនៃការយាយី និងការឃុំឃាំង​ធ្វើឡើងដោយអាជ្ញាធររុស្ស៊ី។ សម្រង់សម្ដី “កុំធ្វើដំណើរទៅប្រទេសរុស្ស៊ីឲ្យសោះ ដោយសារផល​វិបាកដែលមិនអាចទាយទុកជាមុនបាននៃការឈ្លានពានពេញលេញលើអ៊ុយក្រែនដោយកងកម្លាំងយោធារុស្ស៊ី សក្តានុពលនៃការយាយី និងការចាប់ឃុំខ្លួនដោយមន្ត្រីសន្តិសុខរដ្ឋាភិបាលរុស្ស៊ី ការអនុវត្តច្បាប់ក្នុងតំបន់តាមអំពើចិត្ត។ ការ​ហោះហើរ​ចូល និង​ចេញ​ពី​រុស្ស៊ី​មាន​កំណត់ សមត្ថភាព​របស់​ស្ថានទូត​មាន​កម្រិត​ក្នុង​ការ​ជួយ​ពលរដ្ឋ​អាម៉េរិក​នៅ​រុស្ស៊ី និង​លទ្ធភាព​នៃ​អំពើ​ភេរវកម្ម”។

ឆ្លើយតបទៅកាន់សារព័ត៌មានរ៉យទ័រដោយច្រានចោលការព្រមានរបស់សហរដ្ឋអាម៉េរិក អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov  បាននិយាយថា វាមិនមែនជារឿងថ្មីនោះទេ៕

ប្រភព៖The HILL

ប្រភពរូប៖The HILL
ប្រែសម្រួល៖សុខ តុលា