អន្តរជាតិ

រូបភាពផ្កាយរណប៖ កងទ័ពរុស្ស៊ីកំពុងពង្រីកកន្លែងហ្វឹកហាត់យោធានៅជិតទីក្រុងភាគនិរតី Voronezh

រូបភាពពីផ្កាយរណបបានបង្ហាញថា កងទ័ពរុស្ស៊ីកំពុងពង្រីកកន្លែងហ្វឹកហាត់យោធាថ្មីនៅ Pogonovo ភូមិសាស្រ្តជិតទីក្រុងជាយព្រំដែនភាគនិរតី Voronezh ប្រទេសរុស្ស៊ី។

ផ្អែកលើរបាយការណ៍ដែលចេញដោយវិទ្យុសេរីភាពរុស្ស៊ី Radio Liberty Russia បានដកស្រង់ពី​របាយការណ៍រូបភាពផ្កាយរណបសេវាកម្ម Planet.com កាលពីថ្ងៃចន្ទទី ១៣ ខែកុម្ភៈ ​ឆ្នាំ២០២៣ ថា ជំរំតង់ថ្មីៗនៅជាប់នឹងកន្លែងហ្វឹកហាត់ Pogonovo ត្រូវបានសាងសង់ជាច្រើនបន្ថែមទៀត ខណៈមើលស្ថានភាពគឺទើបតែត្រូវបានសាងសង់នៅចុងខែមករាកន្លងទៅនេះប៉ុណ្ណោះ។ មូលដ្ឋាន Pogonovo គឺជាបន្ទាយយោធារុស្ស៊ីមួយដ៏សំខាន់ ស្ថិតនៅជិតទីក្រុងភាគនិរតីរុស្ស៊ី Voronezh។

កងទ័ពរុស្ស៊ីនៅមុនថ្ងៃនៃការលុកលុយពេញប្រទេសអ៊ុយក្រែនកាលពីមួយឆ្នាំមុន បានផ្ទេរឧបករណ៍ និងបុគ្គលិកយ៉ាងសកម្មទៅកាន់កន្លែងហ្វឹកហាត់នេះ ។ វាក៏បានក្លាយជាកន្លែងដែលអង្គភាពនៃ​កងរថក្រោះឆ្មាំទី ១ ស្ថិតនៅ។ យោងតាមការស៊ើបការណ៍សម្ងាត់របស់អ៊ុយក្រែន យោងទៅលើឯកសារដែលបានរកឃើញបន្ទាប់ពីកងទ័ពរុស្ស៊ីបានដកខ្លួនចេញពីទីក្រុង Kyiv អង្គភាពនៃកងទ័ពនេះបានខាតបង់ទាហានជាង ៤០០ នាក់ ត្រូវបានសម្លាប់ ឬរងរបួស ព្រមទាំងសម្ភារជាង ៣០០ គ្រឿង៕

ប្រភព៖Ukrainska Pravda

ប្រភពរូប៖Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា