អន្តរជាតិ

របាយការណ៍វិភាគប្រព័ន្ធផ្សព្វផ្សាយ Russian BBC ៖ ទាហានរុស្ស៊ីស្លាប់ច្រើននៅឆ្នាំ២០២៣នេះ

របាយការណ៍វិភាគប្រព័ន្ធផ្សព្វផ្សាយ BBC នៅរុស្ស៊ីបានបង្ហាញថា ទាហានរុស្ស៊ីភាគច្រើនគឺស្លាប់​នៅដើមឆ្នាំ២០២៣នេះ ខណៈដែលបានកើនឡើង២ដងធៀបនឹងឆ្នាំ២០២២។

យោងតាមការដកស្រង់ដោយកាសែតប្រាវដា បានឲ្យដឹងពីរបាយការណ៍វិភាគរបស់សេវាកម្មផ្សព្វផ្សាយ Russian BBC ថ្មីៗនេះថា ទាហានរុស្ស៊ីដែលបានពលីជីវិតក្នុងសមរភូមិនៅអ៊ុយក្រែននៅ​ដើមឆ្នាំ២០២៣នេះ គឺមានច្រើនខ្លាំងណាស់រហូតទៅដល់យ៉ាងតិច ៦០០នាក់ និងជាមធ្យមមានដល់ទៅ៧០០នាក់ក្នុងមួយសប្តាហ៍ ខណៈដែលកាលពីចុងឆ្នាំ២០២២ ពោលគឺបន្ទាប់ពីខែកញ្ញា ប្រតិបត្តិការកេណ្ឌទ័ពរបស់ទីក្រុងមូស្គូបានចាប់ផ្តើមបើក ទាហានរុស្ស៊ីជាមធ្យមដែលបានពលីមានចន្លោះចាប់ពី ២៥០ ទៅ ៣០០នាក់ប៉ុណ្ណោះ។ ទោះជាយ៉ាងណា របាយការណ៍បានបញ្ជាក់ថា ចំនួនពិតប្រាកដអាចនឹងខុសពីទិន្នន័យខាងលើ អាចមានច្រើនជាងនេះទៀត ដោយរបាយការណ៍ស្លាប់តាំងពីខែតុលា ក្រសួងការពារជាតិរុស្ស៊ីមិនបានបញ្ជាក់ច្បាស់លាស់នោះទេ។

ដោយឡែកខាងអ៊ុយក្រែនវិញ រដ្ឋាភិបាលហ្សេឡិនស្គីក៏មិនបានធ្វើបច្ចុប្បន្នភាពទៀងទាត់ដែរ ក៏ប៉ុន្តែបើយោងតាមបណ្តាញស៊ើបការណ៍សម្ងាត់អាម៉េរិក ក៏ដូចជាលោកខាងលិច ទ័ពអ៊ុយក្រែនក៏រងគ្រោះធ្ងន់ធ្ងរមិនខុសគ្នានឹងរុស្ស៊ី អ៊ុយក្រែនស្លាប់ទ័ពខ្ទង់ប្រហែលលើសពី ១០ម៉ឺននាក់ហើយក្នុងសង្រ្គាមជិត ១ឆ្នាំនេះ៕

ប្រភព៖Ukrainska Pravda

ប្រភពរូប៖Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា