អន្តរជាតិ

យន្តហោះចម្បាំង F-35 របស់ហូឡង់ ស្ទាក់ចាប់យន្តហោះយោធារុស្ស៊ី ៣គ្រឿង

ដោយ៖តុលា

ក្រសួងការពារជាតិរបស់ប្រទេសហូឡង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃចន្ទថា យន្តហោះចម្បាំង F-35 របស់ហូឡង់ពីរគ្រឿងបានស្ទាក់ចាប់យន្តហោះយោធារុស្ស៊ីចំនួន 3គ្រឿងនៅជិតប្រទេសប៉ូឡូញ ហើយបណ្តេញវាចេញ។

យោងតាមការបកប្រែរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៃសេចក្តីថ្លែងការណ៍របស់ក្រសួងបានឲ្យដឹងថា៖ “យន្តហោះដែលមិនស្គាល់មុខនោះ បានចូលទៅជិតតំបន់ទទួលខុសត្រូវរបស់ណាតូប៉ូឡូញពីតំបន់ Kaliningrad”។ Kaliningrad គឺជាតំបន់ឆ្នេរបាល់ទិករបស់រុស្ស៊ី ដែលស្ថិតនៅចន្លោះប្រទេសសមាជិកណាតូ និងសហភាពអឺរ៉ុប ប៉ូឡូញ និងលីទុយអានី។ “បន្ទាប់ពីការកំណត់អត្តសញ្ញាណ យន្តហោះទាំងនោះមាន៣គ្រឿង មួយគឺ IL-20M Coot-A របស់រុស្ស៊ីដែលត្រូវបានអមដោយ Su-27 Flankers ពីរគ្រឿង។

យន្តហោះ F-35 របស់ហូឡង់បានអមដំណើរការពីចម្ងាយ ហើយបានអមដំណើរយន្តហោះទាំងបីឲ្យចាកចេញ។ ក្រសួងការពារជាតិរុស្ស៊ីមិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់ Reuters សម្រាប់ការធ្វើអត្ថាធិប្បាយទេ។

ក្រសួងការពារជាតិរបស់ប្រទេសហូឡង់ បាននិយាយថា យន្តហោះ F-35 របស់ហូឡង់ ចំនួនប្រាំបីគ្រឿង ត្រូវបានដាក់ពង្រាយទុកចាំឈរជើង នៅក្នុងប្រទេសប៉ូឡូញ សម្រាប់ខែកុម្ភៈ និងខែមីនា៕

ប្រភព៖REUTERS