សន្ដិសុខសង្គម

បងខឹងប្រើកាំបិតបុ័ងតោគប់លើប្អូនចំបំពង់កនិងដៃឱ្យរងរបួសធ្ងន់

ប៉ៃលិន៖បងប្អូនបង្កើតបានទាស់សម្តីគ្នា ភាគីខាងបងខឹងក៏ប្រើកាំបិតបុ័ងតោគប់លើប្អូន បណ្តាលឱ្យចំលើបំពង់កនិងដៃរងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យសង្រ្គោះភ្លាមៗ។

ប្រភពព័ត៌មានពីមន្ត្រីនគរបាលប៉ុស្តិ៍ទួលល្វាបានឱ្យដឹងថា ជម្លោះរវាងបងនិងប្អូនបង្កើតនៅផ្ទះចាំចម្ការ​ដាំបន្លែមួយ ស្ថិតក្នុងភូមិវាលវង់ សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន កាលពីយប់ថ្ងៃទី១៣ខែកុម្ភៈ។

បុរសបង្កជាបងឈ្មោះ គីម ហុងស្រៀង អាយុ៤៨ឆ្នាំ ស្នាក់នៅផ្ទះដាំបន្លែភូមិសង្កាត់ខាងលើ។ចំណែកជនរងគ្រោះឈ្មោះ គីម ឈុនលី អាយុ៣៣ឆ្នាំ ស្នាក់នៅជាមួយគ្នា រងរបួស ត្រូវចង្កាដេរ៧ថ្នេរ និងកដៃខាងឆ្វេងដេរ៧ថ្នេរ។វត្ថុតាងដកហូតមានកាំបិតបុ័ងតោ១។

ករណីខាងលើនេះ សមត្ថកិច្ចនគរបាលក្រុងប៉ៃលិនបានឃាត់ខ្លួនជនសង្ស័យនិងបញ្ជូនបន្តតាមនីតិវិធី៕ដោយ៖វិចិត្រ