សន្ដិសុខសង្គម

ជិះម៉ូតូបុករថយន្តពីក្រោយបណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗ

បាត់ដំបង៖គ្រោះថ្នាក់ចរាចរដោយបុរសម្នាក់ជិះម៉ូតូយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នជ្រុលបុករថយន្តធំពីក្រោយពេញទំហឹងបណ្តាលឱ្យស្លាប់ភ្លាមៗ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅត្រង់ភូមិក្បាលថ្នល់ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី ១៣ ខែកុម្ភ: ។ភាគីបង្កហេតុរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ផ្លាកលេខ ភ្នំពេញ ៣D-១៩១១ អ្នកបើកបរបានរត់គេចខ្លួនបាត់។

ជនរងគ្រោះបើកបរម៉ូតូម៉ាកហុងដាឌ្រីម C១២៥ ផ្លាកលេខបន្ទាយមានជ័យ ១F-១៥៣៩ បើកបរដោយឈ្មោះផៃ កុសល អាយុ ៥៨ឆ្នាំ នៅក្នុងភូមិកំពង់ឆ្នាំង១  ឃុំបួរវិល ស្រុកបវេល ខេត្តបាត់ដំបង។សមត្ថកិច្ចដដែលបានបន្តថា គ្រោះថ្នាក់ចរាចរនេះភាគីខាងរថយន្តបានឈប់​ចតខ្វះការប្រុងប្រយ័ត្ន។ រីឯភាគីអ្នកជិះម៉ូតូបានបើកបរលឿន ហើយមិនមានពាក់មួកសុវត្ថិភាព៕ដោយ: ព្រះអង្គខ្មៅ