សេដ្ឋកិច្ច

ឆ្នាំ​២០២៣​នេះ រាជរដ្ឋាភិបាលបន្តឧបត្ថម្ភកូវីដទោតដោយ​គ្រោង​ចំណាយ​៤៦៥ លាន​ដុល្លារ

​ភ្នំពេញ​៖ អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​គាំពារ​សង្គម បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​សម្រេច​បន្ត​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ក្នុង​ឆ្នាំ​២០២៣​បន្ថែមទៀត ទោះបី​បច្ចុប្បន្ន​ឥទ្ធិពល​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​ថមថយ​ក៏ដោយ ដើម្បី​បន្ត​ជួយ​គាំទ្រ​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងដំណាក់កាល​នៃ​ការស្ដារ​ជីវភាព​ឡើងវិញ​។​

​ក្នុង​ពី​ធី​បើក «​សប្តាហ៍​គាំពារ​សង្គម​» ឆ្នាំ​២០២៣ នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែងថា គិត​មកទល់ពេលនេះ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ពលរដ្ឋ​ក្រី​ក្រី និង​ងាយ​រងគ្រោះ​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ បាន​អនុវត្ត​អស់​រយៈពេល ៣១​ខែ មកហើយ និង​បានផ្តល់​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ចំនួន​ប្រមាណ​៧០​ម៉ឺន​គ្រួសារ ដែលមាន​សមាជិក​ចំនួន​ប្រមាណ ២.៧​លាន​នាក់ នៅ​ទូទាំងប្រទេស ដោយបាន​ចំណាយ​ថវិកាជាតិ​ចំនួន​ប្រមាណ ៩៣២ លាន​ដុល្លារ​អាមេរិក​។​

​លោក​បន្តថា បន្ថែម​ពីនេះ គ្រួសារ​ងាយ​រង​ហានិភ័យ ដែលមាន​ជីវភាព​ក្បែរ​នឹង​បន្ទាត់​នៃ​ភាពក្រីក្រ ក៏ត្រូវ​បានគិត​គូរ​ផងដែរ ដោយ​រាជ​រដ្ឋាភិបាល​បានដាក់​ចេញ នូវ​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់ ក្នុងអំឡុងពេល​រង​សម្ពាធ​អតិផរណា និង​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​គ្រោះទឹកជំនន់ ដើម្បី​ជួយ​រក្សា​លំនឹង​ជីវភាព​របស់​ពួកគាត់​។​

​អគ្គបណ្ឌិត​សភាចា​រ្យ​មានប្រសាសន៍ថា ជារួម​ក្នុង​ឆ្នាំ​២០២៣​នេះ រាជរដ្ឋាភិបាល​គ្រោង​ចំណាយ​ថវិកា​ចំនួន ៤៦៥ លាន​ដុល្លារ​អាមេរិក សម្រាប់​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រូ​សារ​ក្រីក្រ និង​ងាយ​រងគ្រោះ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​»​៕ដោយៈសុភក្ត្រា