អន្តរជាតិ

ចិនចោទអាម៉េរិកវិញថាបានបង្ហោះបាឡុងចារកម្មជាង ១០មកក្នុងដែនអាកាសរបស់ខ្លួន

រដ្ឋាភិបាលចិនទីក្រុងប៉េកាំង បានចោទប្រកាន់អាម៉េរិកបកវិញថា បានបង្ហោះបាឡុងចារកម្មជាង ១០ដងចូលដែនអាកាសរបស់ខ្លួនកាលពីឆ្នាំមុន ខណៈសហរដ្ឋអាម៉េរិកបានបដិសេធ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយនៅក្នុងសន្និសីទ​សារព័ត៌មានមួយកាលពីថ្ងៃចន្ទថា “វាជារឿងធម្មតាទៅហើយសម្រាប់បាឡុងចារកម្មរបស់សហរដ្ឋ​អាម៉េរិកក្នុងការចូលទៅក្នុងដែនអាកាសនៃប្រទេសដទៃទៀតដោយខុសច្បាប់” ។ លោក Wang បាន​និយាយបែបនេះ ក៏ប៉ុន្តែ​លោក​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​របៀបដែល​អាជ្ញាធរចិនដោះស្រាយជាមួយ​បាឡុងទាំងនោះបែបណានោះទេ។ លោក Wang ថា “ចាប់តាំងពី​ឆ្នាំ​មុន​មក បាឡុង​កម្ពស់​ខ្ពស់​របស់​អាម៉េរិក​បាន​ហោះហើរ​ដោយ​ខុសច្បាប់​លើ​ដែនអាកាស​របស់​ប្រទេស​ចិន​ច្រើនជាង ១០ ដង​ដោយ​គ្មាន​ការយល់ព្រម​ពី​អាជ្ញាធរ​ចិន”​។ លោកបន្តទៀតថា “សហរដ្ឋអាម៉េរិកគួរតែឆ្លុះបញ្ចាំងពីខ្លួនឯងជាមុនសិន មុនពេលផ្លាស់ប្តូរផ្លូវ ទៅជាការលាបពណ៌ និងញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នា”។

ឆ្លើយតបបន្តបន្ទាប់គ្នា សេតវិមានបានបដិសេធភ្លាមៗនូវការអះអាងរបស់ចិនថាជារឿងមិនពិតទេ។ លោក John Kirby ជាអ្នកនាំពាក្យសន្តិសុខជាតិបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ MSNBC ថា “យើង​មិន​បាន​ហោះ​ហើរ​លើ​ប្រទេស​ចិន​ឡើយ”។

គួររំលឹកថា ការចោទប្រកាន់គ្នាកាលពីថ្ងៃចន្ទសប្តាហ៍នេះ បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីសហរដ្​ឋអាម៉េរិក​បានបាញ់ទម្លាក់បាឡុងចារកម្មចិនដែលសង្ស័យថាបានឆ្លងពីរដ្ឋអាឡាស្កាទៅកាន់រដ្ឋ South Carolina ដែលបង្កឱ្យមានវិបត្តិថ្មីនៅក្នុងទំនាក់ទំនងរវាងប្រទេសដែលមានសេដ្ឋកិច្ចកំពូលទាំងពីរ៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា