សន្ដិសុខសង្គម

ឃាត់ខ្លួនចាងហ្វាង​សារព័ត៌មាន​១រូប ​​សង្ស័យ​ឆបោក​លុយ​៣​ពាន់​ដុល្លារ​

​បន្ទាយ​មាន​ជ័យ៖នគរបាលក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១៣ ខែកុម្ភៈ បានឃាត់ខ្លួនចាងហ្វាង សារព័ត៌មាន១រូប សង្ស័យពាក់ព័ន្ធករណីឆបោកលុយ៣ពាន់ដុល្លារ។

មន្ត្រី​​នគរបាលបាន​ឱ្យ​ថា​​​ បុរស​ដែលឃាត់ខ្លួន​​ឈ្មោះអ៊ុ​ង ថាប់​រាំង ហៅ​បារាំង ​អាយុ​៥៦​ឆ្នាំ​ ជា​ចាងហ្វាង​សារព័ត៌មាន“​ខ្មែរ​ជាយ​ដែន” កន្លែង​កំណើត​ភូមិ​នាង​កេ​ត ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី ស្នាក់​នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត​ ។ចំណែក​ដើមបណ្តឹង​ឈ្មោះ ឱ​ក ទី​ន​ណា និង​ឈ្មោះសឿង សីហា។​

ប្រភពដដែលបានបន្តថា ​តាម​ដី​កា​បង្គាប់​ឱ្យ​នាំ​ខ្លួន​ឈ្មោះអ៊ុង ថាប់រាំង ឱ្យ​ចូល​មក​បង្ហាញខ្លួន​នៅ​​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ឆ្លើយ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក កាល​អំឡុង​ឆ្នាំ​២០១៨​ ស្ថិត​ក្នុង​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត កំណត់​ឱ្យ​បាន​មុន​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២៣​។

ការ​នាំ​ខ្លួន​ឈ្មោះ អ៊ុ​ង ថាប់​រាំងនេះ​​ ករណី​ឆបោក​លុយ​ចំនួន​៣.០០០​ដុល្លា​រ ដោយទទួលយក​ទៅ​រត់ការ​ធ្វើ​ប្លង់​ដី​ឱ្យ​គេ​នៅ​អំឡុង​ឆ្នាំ​២០១៨ ​ខណៈ​ធ្វើ​មិន​បាននិង​មិន​ព្រម​ប្រគល់​លុយ​ឱ្យ​គេ​វិញ​ ទើបម្ចាស់លុយ​ប្តឹង​ទៅ​តុលាការ ហើយក៏​ចេញ​ដី​កាបញ្ជា​នាំ​ខ្លួន​លេខ០០១​ ចុះ​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២៣ ត្រូវ​​បញ្ជូន​ខ្លួន​ទៅ​តុលាការតែម្តង​៕ដោយ៖វិចិត្រ