សន្ដិសុខសង្គម

ក្មេងស្រីជនជាតិចិនម្នាក់ធ្លាក់ពីអគារ កម្ពស់៧ជាន់បណ្តាលឱ្យស្លាប់

ភ្នំពេញ​៖​មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយក្មេងស្រីជនជាតិចិនម្នាក់បានធ្លាក់ពីអគារ​កម្ពស់៧ជាន់ បណ្តាលឱ្យស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ។ហេតុការណ៍ដ៏ក្តុកក្ដួលនេះបានកើតឡើង​ស្ថិតនៅអគារខុនដូជាន់ទី៧ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ។

មន្ត្រីនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបានឱ្យដឹងថា ក្មេងស្រីជនជាតិចិនអាយុ៣ឆ្នាំ បានធ្លាក់ពីអគារជាន់ទី៧ បណ្តាលឱ្យស្លាប់នេះមូលហេតុដោយសារម្តាយទុកនៅក្នុងបន្ទប់តែម្នាក់ឯង។

មន្ត្រីដដែលបានបន្តថា មុនកើតហេតុ ម្តាយបានចុះមកខាងក្រោមដើម្បីទិញបាយហូប ដោយ បានទុកកូនតូចនៅក្នុងបន្ទប់តែម្នាក់ឯង មិនបានបិទបង្អួចកញ្ចក់បន្ទប់ទឹក។ក្នុងទីតាំងមានចន្លោះនោះ​ធ្វើឱ្យក្មេងស្រីរងគ្រោះដើរទៅឡើងលើចានបង្គន់ហើយធ្លាក់តាមបង្អួចនោះតែម្តង។ក្រោយកើតហេតុ សពក្មេងស្រីរងគ្រោះអាជ្ញាធរបានយកទៅតម្កល់នៅវត្តទឹកថ្លាដើម្បីប្រគល់ឱ្យម្តាយរៀបចំធ្វើបុណ្យ៕ដោយ៖វិចិត្រ