សន្ដិសុខសង្គម

កំពុងស្វែងរកអ្នកបាត់ខ្លួន៤នាក់ ករណីលិចទូកនៅទន្លេមេគង្គស្ទឹងត្រែង

ស្ទឹងត្រែង៖កម្លាំងអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ បានរួមគ្នាស្វែងរកអ្នកបាត់ខ្លួនចំនួន៤នាក់ករណី​លិចទូកអ្នកភូមិមួយគ្រឿងពេលឆ្លងកាត់តំបន់ទឹកកួចខ្លាំង។ហេតុការណ៍ដ៏អាក្រក់នេះបានកើតឡើងនៅ​ទន្លេមេគង្គម្តុំកន្ទុយកោះហាន ស្ថិតក្នុងឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង កាលពីម៉ោង៨ព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ។

លោកវ៉ាន់ សំផន មេឃុំកោះស្នែងបានឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅភូមិកោះកី ឃុំកោះស្នែងពួកគេធ្វើដំណើរតាមទូកមួយគ្រឿងជាក្រុមគ្រួសារ ឆ្ពោះទៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ដើម្បីប្រកបមុខរបរ។ លោកមេឃុំបានបន្តថា ទូកប្រភេទនេសាទត្រីដែលលិចនោះ​បានផ្ទុកមនុស្សរហូតដល់៨នាក់ ជាមួយសម្ភារផ្សេងទៀត។

លុះពេលទូកឆ្លងកាត់តំបន់ទឹកហូរកួចខ្លាំងបណ្ដាលឱ្យទូកលិចតែម្ដង។នៅក្នុងហេតុការណ៍នេះអ្នកខ្លះ​បានទាញសម្ភារនៅលើទូកតោងហែល ត្រូវទូកនេសាទឃើញជួយសង្គ្រោះបាន៤នាក់ រីឯអ្នកបាត់ខ្លួន៤នាក់មានក្មេងតូច២នាក់។

ជនរងគ្រោះ៤នាក់ដែលបាត់ខ្លួនមានឈ្មោះសុត មី អាយុ៥៦ឆ្នាំ ឈ្មោះម៉ី សុគ្រី ភេទស្រីអាយុ២៥ ឆ្នាំ ឈ្មោះលូយចន្ទ្រា អាយុ៨ឆ្នាំនិងឈ្មោះលួយហាត់ អាយុ៦ឆ្នាំ។មកដល់រសៀលថ្ងៃទី១៤កុម្ភៈនេះ សមត្ថកិច្ចកំពុងស្វែងរកអ្នកបាត់ខ្លួនមិនទាន់ឃើញនៅឡើយ តែបានរកឃើញទូកចំណែកម៉ាស៊ីន​បានលិចបាត់ក្នុងទន្លេ៕ដោយ:សុខុម