អន្តរជាតិ

ឥណ្ឌាមានបំណងនាំចេញផលិតកម្មការពារជាតិដល់​៥​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​២០២៤/២០២៥

រដ្ឋាភិបាលឥណ្ឌាមានបំណងចង់ឲ្យការនាំចេញផលិតកម្មការពារជាតិរបស់ខ្លួននៅឆ្នាំ២០២៤ និង ២០២៥ ឡើង៣ដងស្មើនឹង៥ពាន់លានដុល្លារ ដោយជំរុញលើកទឹកចិត្តឲ្យមានការចូលរួមយ៉ាងខ្លាំងពី​សំណាក់ក្រុមហ៊ុនក្នុងស្រុក និងបរទេស។

ថ្លែងនៅក្នុងឱកាសបើកកម្មវិធីពិព័រណ៍អាកាសនៅថ្ងៃចន្ទទី ១៣ ខែកុម្ភៈនេះ នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បាននិយាយថា ប្រទេសឥណ្ឌាពិតជាចង់ឱ្យមានការនាំចេញផ្នែកការពារប្រចាំឆ្នាំ​ច្រើនជាងបីដង​ធៀបនឹងឆ្នាំធម្មតា ពោលគឺនឹងរកបានរហូតទៅដល់ ៥ពាន់លានដុល្លារនៅឆ្នាំ ២០២៤/២០២៥ ខណៈបច្ចុប្បន្នគឺ ១,៥ពាន់លានដុល្លារ។ ម៉ូឌីថា “សព្វថ្ងៃនេះ ឥណ្ឌាមិនមែនគ្រាន់តែ​ជាទីផ្សារសម្រាប់ក្រុមហ៊ុនការពារជាតិប៉ុណ្ណោះទេ វាក៏ជាដៃគូការពារដ៏មានសក្តានុពលផងដែរ” ។ “ខ្ញុំ​សូម​អំពាវនាវ​ដល់​វិស័យ​ឯកជន​របស់​ប្រទេស​ឥណ្ឌា​ឲ្យ​វិនិយោគ​បន្ថែម​ទៀត​ក្នុង​វិស័យ​ការពារជាតិ​របស់​ប្រទេស”។ លោក​បាន​បន្ថែម​ថា ឥណ្ឌា​ជា​ប្រទេស​នាំ​ចូល​ឧបករណ៍​ការពារ​ធំ​បំផុត​មួយ​របស់​ពិភពលោក​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ ឥឡូវ​នេះ​បាន​នាំ​ចេញ​ទៅ​កាន់ ៧៥ ប្រទេសរួចហើយ។

ការនាំចេញរបស់ឥណ្ឌាកន្លងមករួមមាន ឧទ្ធម្ភាគចក្រ Hindustan Aeronautics ទៅកាន់ហ្វីលីពីន និងអេក្វាឌ័រ។ ក្រុមហ៊ុន HAL ក៏បានផ្តល់យន្តហោះប្រយុទ្ធធុនស្រាល Tejas របស់ខ្លួនសម្រាប់លក់ទៅឱ្យម៉ាឡេស៊ីផងដែរ។ តាមសេចក្តីរាយការណ៍ពីសារព័ត៌មានរ៉យទ័រ ឥណ្ឌាគ្រោងនឹងធ្វើពិព័រណ៍អាកាសនេះរយៈពេលច្រើនថ្ងៃទៀត និងកំពុងសម្លឹងរកមើលការ​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាមួយក្រុមហ៊ុនបរទេសដែលមានតម្លៃ ៧៥០ ពាន់លានរូពី (ស្មើនឹង៩ ពាន់លានដុល្លារ)។ ពិព័រណ៍នេះមានការចូលរួមពីសំណាក់ក្រុមហ៊ុនការពារជាតិក្នុងស្រុក និងក្រៅស្រុកជាច្រើនរួមមានត្រួសៗដូចជា Airbus, Boeing, Lockheed Martin, Israel Aerospace Industry, Rolls Royce។ល៕

ប្រភព៖REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា