អន្តរជាតិ

អ្នកជិតខាងប៉ូឡូញថា អាវុធត្រូវតែមកដល់អ៊ុយក្រែនបន្ទាន់ បើមិនដូច្នេះទេរុស្ស៊ីនឹងឈ្នះសង្រ្គាមហើយ

ប្រធានាធិបតីប៉ូឡូញដែលជាអ្នកជិតខាងបាននិយាយថា អ៊ុយក្រែនត្រូវការអាវុធបន្ទាន់ខ្លាំងណាស់ ត្រូវតែប្រញាប់ដឹកឲ្យលឿនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ​ បើមិនដូច្នេះទេ   រុស្ស៊ីនឹងច្បាស់​ជាឈ្នះសង្រ្គាមជាមិនខាន។

ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បានថ្លែងក្នុងបទសម្ភាសន៍ជាមួយកាសែតបារាំង Le Figaro ដែលត្រូវបានរាយការណ៍បន្តឲ្យដឹងនៅថ្ងៃចន្ទនេះថា  អ៊ុយក្រែនកំពុងស្ថិតក្នុងគ្រាអាសន្នធ្ងន់ធ្ងរ ត្រូវការអាវុធបន្ទាន់ជាចាំបាច់។ “អ៊ុយក្រែនមានតែកម្លាំងមនុស្ស មិនមានហេដ្ឋារចនាសម្ព័ន្ធយោធា​ទំនើបទេ ប្រសិនបើយើងមិនបញ្ជូនសម្ភារយោធាទៅឲ្យពួកគេក្នុងប៉ុន្មាន សប្តាហ៍ខាងមុខនេះទេ លោកពូទីនអាចនឹងឈ្នះនេះហើយ។ គាត់អាចនឹងឈ្នះ ហើយយើងមិនដឹងថាគាត់នឹងឈប់នៅ​ទីណានោះទេ”។ ប្រធានាធិបតីប៉ូឡូញ បានរំលឹកឡើងបន្ថែមទៀតថា ការវាយប្រហារដ៏មាន​សក្តានុពលរបស់រុស្ស៊ីក៏អាចធ្វើឡើងមកលើប៉ូឡូញ ហើយនោះនឹងក្លាយជាការវាយប្រហារ​របស់រុស្ស៊ីលើអង្គការណាតូ។ ការដឹកជញ្ជូនជំនួយអាវុធលោកខាងលិចហាក់មិនទាន់ចិត្ត ដោយសារអាវុធធុនធ្ងន់ភាគច្រើនដូចជារបស់អាម៉េរិកក្តី ត្រូវការយកចេញពីរោងចក្រផលិតផ្ទាល់ ខណៈដែលការបណ្តុះបណ្តាលទាហានអ៊ុយក្រែនក៏មិនទាន់ត្រូវបានបញ្ចប់រួចរាល់ផងនោះ។

ការអំពាវនាវរបស់ប៉ូឡូញ កើតឡើងបន្ទាប់ពីមេដឹកនាំ​ទាហានស៊ីឈ្នួល​រុស្ស៊ី Wagner បានអះអាង​ថា ទាហាន​បាន​ដណ្តើម​យក​ក្រុង​សំខាន់ៗ​របស់​អ៊ុយក្រែន​ក្បែរ​ក្រុង Bakhmut។ មេដឹកនាំក្រុមទាហាន​ស៊ីឈ្នួលរុស្ស៊ី លោក Yevgeny Prigozhin បាននិយាយកាលពីថ្ងៃអាទិត្យថា កងទ័ពរបស់លោក​បានដណ្តើមយកភូមិភាគខាងកើតអ៊ុយក្រែនមួយគីឡូម៉ែត្រពីទីក្រុងសំខាន់នៃ Bakhmut ដែលទីក្រុងមូស្គូបានព្យាយាមដណ្តើមកាន់កាប់អស់ជាច្រើនខែមកហើយ។ សម្រង់សម្ដី “ថ្ងៃនេះ អង្គភាពវាយលុករបស់ Wagner បានដណ្តើមយកទីក្រុង Krasna Hora” ។ យ៉ាងណាក៏ដោយ AFP មិន​អាច​បញ្ជាក់​ដោយ​ឯករាជ្យ​លើ​ការ​អះអាង​នេះ​បានទេ៕

ប្រភព៖UKRAINSKA PRAVDA

ប្រភពរូប៖UKRAINSKA PRAVDA
ប្រែសម្រួល៖សុខ តុលា