អន្តរជាតិ

អ៊ុយក្រែនអះអាងថា រុស្ស៊ីបាត់បង់ទាហានជាង២០០នាក់ របួសជាង៣០០ក្នុងការប្រយុទ្ធគ្នា២៤ម៉ោងចុងក្រោយនៅបាក់មុត

អ៊ុយក្រែនអះអាងថា រុស្ស៊ីបានបាត់បង់ទាហានជាង២០០នាក់ និងរបួសជាង ៣០០នាក់​ នៅក្នុងការប្រយុទ្ធគ្នា២៤ម៉ោងចុងក្រោយនៅក្នុងតំបន់បាក់មុត ខេត្តដូណេតភាគខាងកើត។

យោងតាមអគ្គសេនាធិការ​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​អ៊ុយក្រែនតាម​ហ្វេស​ប៊ុក ព័ត៌មាន​គិត​ត្រឹម​យប់ថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឲ្យដឹងថា ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ ការប៉ះទង្គិចគ្នាចំនួន ៤១ បានកើតឡើងនៅផ្នែកខាងមុខ Bakhmut ។ ខាងរុស្ស៊ីបានបាត់បង់ទាហាន ២១២ នាក់ និង ៣១៥នាក់បានរងរបួស។ Serhii Cherevatyi អ្នក​នាំពាក្យ​ក្រុម​បូព៌ា​នៃ​កង​កម្លាំង​ប្រដាប់អាវុធ​អ៊ុយក្រែនបាននិយាយដោយផ្ទាល់ថា “ទិសដៅសំខាន់នៃការវាយប្រហាររបស់សត្រូវ​នៅតែមិនទៅណាឆ្ងាយពី Bakhmut។ នៅទីនោះសត្រូវបានវាយលុក ១៦៧ដង នៅតាមបណ្តោយផ្នែក​ខាងមុខជាមួយនឹងកាំភ្លើងធំប្រភេទផ្សេងៗគ្នា ហើយក៏មានការប៉ះទង្គិចគ្នាជាមួយអ៊ុយក្រែនចំនួន ៤១ដង ក្នុងនោះរុស្ស៊ីត្រូវបានប៉ាន់ប្រមាណថាស្លាប់ ២១២នាក់ និងរបួស​៣១៥​នាក់​។ ក្រៅពីបាក់មុត ក៏មានការប្រយុទ្ធគ្នានៅក្នុងតំបន់ Torske, Fedorivka, Ivanivske និង Chasiv Yar ខ្សែបន្ទាត់ក្នុងខេត្ត​ដូណេតភាគខាងកើត។ សេចក្តីរាយការណ៍បន្តថា លើសពីនេះ រុស្ស៊ីក៏បានបាត់បង់រថក្រោះ T-72 ចំនួន ៥ គ្រឿង រថពាសដែក១ គ្រឿង កាំភ្លើងត្បាល់ Tyulpan ១ និងកាំភ្លើងធំស្វ័យប្រវត្តិ Pion ចំនួន២ គ្រឿង។

ដោយឡែកចំពោះអ្នកស្លាប់ និងរបួសខាងអ៊ុយក្រែនវិញ ប្រភពខាងលើមិនបានរាយការណ៍ឲ្យដឹង​នោះទេ៕

ប្រភព៖UKRAINSKA PRAVDA

ប្រភពរូប៖UKRAINSKA PRAVDA
ប្រែសម្រួល៖សុខ តុលា