អន្តរជាតិ

អ៊ុយក្រែនហៅដាណឺម៉ាកថាជាកំពូលមិត្តពិតប្រាកដ បន្ទាប់ពីយល់ព្រមបរិច្ចាគនូវប្រព័ន្ធកាំភ្លើងធំ Caesar ទាំងអស់

អ៊ុយក្រែនហៅដាណឺម៉ាកថាជាកំពូលមិត្តពិតប្រាកដ បន្ទាប់ពីប្រទេសនេះបានយល់ព្រមបរិច្ចាគនូវ​ប្រព័ន្ធកាំភ្លើងធំ Caesar ទាំងអស់របស់ខ្លួនដោយមិនស្តាយស្រណោះ។

យោងតាមវីដេអូដែលបង្ហោះជាមួយនឹងសំណេរមួយឃ្លារបស់ក្រសួងការពារជាតិអ៊ុយក្រែនតាមបណ្តាញសង្គមធ្វីតធ័រនៅថ្ងៃចន្ទទី ១៣ ខែកុម្ភៈនេះ បានបង្ហាញឲ្យឃើញថា អ៊ុយក្រែនមានសេចក្តីរីករាយ និងមោទនភាពណាស់ជាមួយប្រទេសដាណឺម៉ាក។ សារបានសរសេរថា “ប្រទេសដាណឺម៉ាកបានផ្តល់ឱ្យ​អ៊ុយក្រែននូវម៉ាស៊ីនកាំភ្លើងធំ CAESAR របស់ខ្លួនទាំងអស់ មិត្តពិតដែលដឹងថាការប្រយុទ្ធរបស់យើង គឺជាការប្រយុទ្ធដើម្បីអឺរ៉ុប”។

យោងតាមរដ្ឋមន្ត្រីការពារជាតិដាណឺម៉ាក លោក Jakob Ellemann-Jensen បាននិយាយនៅក្នុងសេចក្តី​ថ្លែងការណ៍មួយកាលពីខែមករាថា ដាណឺម៉ាកពិតជាបានយល់ព្រមផ្តល់នូវប្រព័ន្ធកាំភ្លើងធំ​ផលិតដោយបារាំងហៅ Caesar ចំនួន ១៩គ្រឿងទាំងអស់របស់ខ្លួនដល់អ៊ុយក្រែនពិតប្រាកដមែន។ លើសពីនេះ ប្រទេសដាណឺម៉ាកក៏ជាប្រទេសមួយក្នុងចំណោមប្រទេសអឺរ៉ុបចំនួនប្រាំបួន ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង Tallinn នៅថ្ងៃទី ១៩ ខែមករាដែរ   ខណៈនោះគឺជាការ​ប្តេជ្ញាចិត្ត​គាំទ្រអ៊ុយក្រែនពេញទំហឹងក្នុងការរំដោះទឹកដីទាំងអស់ពីរុស្ស៊ីមកវិញ។

ចាប់តាំងពីនិទាឃរដូវឆ្នាំមុន អ៊ុយក្រែនបានទទួលកាំភ្លើងធំ Caesar ចំនួន ២៤ គ្រឿងរួចហើយពី​ប្រទេសបារាំង បូកទាំងចុងក្រោយរៀបចំដឹកជញ្ជូននេះទៀតគឺ៤៣គ្រឿង៕

ប្រភព៖REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា