សន្ដិសុខសង្គម

សមត្ថកិច្ចកំពុងរកមូលហេតុឆេះផ្ទះជាង១០ល្វែង ខូចខាតរាប់សិបម៉ឺនដុល្លារ

បន្ទាយមានជ័យ៖សមត្ថកិច្ចកំពុងរកមូលហេតុនៃការឆេះផ្ទះអាជីវករជាង១០ល្វែង បង្កការខូចខាត​ទ្រព្យសម្បត្តិជាច្រើន គិតជាទឹកប្រាក់ប្រមាណរាប់សិបម៉ឺនដុល្លារ។

អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា អគ្គិភ័យបានឆាបឆេះផ្ទះអាជីវករប្រមាណជាង១០ល្វែង នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កាលពីម៉ោងជាង៧ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។

មន្ត្រីដដែលបានបន្តថា ផ្ទះអាជីវករប្រមាណ១១ល្វែងនោះលក់គ្រឿងអគ្គិសនី-លក់កង់-លក់កុំព្យូទ័រ និងកន្លែងព្រីន។

ពេលភ្លើងកំពុងឆេះយ៉ាងសន្ធោសន្ធៅ សមត្ថកិច្ចជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង។ក្នុងនោះរថយន្តពន្លត់អគ្គិភ័យរបស់កាស៊ីណូ-រថយន្តនគរបាលខេត្តបន្ទាយមានជ័យ-រថយន្តនគរបាល​ក្រុងប៉ោយប៉ែត និងរថយន្តពន្លត់អគ្គិភ័យថៃចំនួន២គ្រឿងបានមកជួយធ្វើ​អន្តរាគមន៍ផងដែរ។ រីឯកម្លាំងអាជ្ញាធរក៏បានចុះជួយជម្លៀសពលរដ្ឋចេញពីកន្លែងដែលអគ្គិភ័យកំពុងឆាបឆេះនោះឱ្យរួចផុតពីគ្រោះថ្នាក់។

ដោយមានការចូលរួមជួយពីកម្លាំងជាច្រើន នៅម៉ោងប្រមាណ១០ព្រឹកថ្ងៃដដែល ភ្លើងបានរលត់វិញ ហើយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៅឡើយ ដោយសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវ​ក្នុងហេតុការណ៍នេះ៕ដោយ៖វិចិត្រ