សន្ដិសុខសង្គម

រថភ្លើងដឹកទូកុងតឺន័រក្រឡាប់ធ្លាក់សង្កត់ផ្ទះ២ខ្នងនៅក្រុងបាត់ដំបង

បាត់ដំបង៖រថភ្លើងដឹកទូកុងតឺន័រផ្ទុកស្រូវបើកធ្លាក់ផ្លូវដែកក្រឡាប់សង្កត់ផ្ទះប្រជាពលរដ្ឋចំនួន២ ខ្នង ក្នុងក្រុងបាត់ដំបង បណ្តាលឱ្យខូចខាតធ្ងន់ធ្ងរ។

ប្រភពព័ត៌មានបានឱ្យដឹងថា ឧបទ្ទវហេតុនេះបានបង្កការភ្ញាក់ផ្អើលនៅភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុង/ខេត្តបាត់ដំបង កាលពីវេលាទៀបភ្លឺថ្ងៃទី១៣ ខែកុម្ភ:។

ប្រភពដដែលបានបន្តថា មុនកើតហេតុ រថភ្លើងបានធ្វើដំណើរពីខេត្តបន្ទាយមានជ័យ ឆ្លងកាត់ខេត្ត​បាត់ដំបង ឆ្ពោះទៅទីក្រុងភ្នំពេញ។

លុះមកដល់កន្លែងខាងលើ ទំនងស្ថានភាពផ្លូវដីមានសំណើម និងស្រុតផងនោះ ជាហេតុនាំឱ្យទូផ្នែកកណ្តាលរបស់រថភ្លើងខ្ទាតចេញពីគន្លងផ្លូវ ហើយបានក្រឡាប់ទូកុងតឺន័រ​ដឹកស្រូវចំនួន២ទូសង្កត់លើសំយាបផ្ទះជាពលរដ្ឋចំនួន២ខ្នង ប៉ុន្តែមិនប៉ះពាល់គ្រោះថ្នាក់ដល់មនុស្ស​កំពុងដេកលង់លក់ជាច្រើននាក់នោះទេ។

បន្ទាប់ពីនោះ ក្រុមបច្ចេកទេសគ្រប់គ្រងអយស្ម័យយានខេត្តបានចុះរៀបចំជួសជុលតភ្ជាប់​កំណាត់ផ្លូវដែលរងការខូចខាតជាច្រើនម៉ែត្រយ៉ាងប្រញាប់ប្រញាល់ដើម្បីដាក់ដំណើរការដឹកជញ្ជូនបន្តឡើងវិញ៕ដោយ: ព្រះអង្គខ្មៅ