សន្ដិសុខសង្គម

បញ្ជូនស្រ្តីវាយក្បាលបុរសម្នាក់ឱ្យស្លាប់នៅមន្ទីរពេទ្យទៅតុលាការ

សៀមរាប៖កម្លាំងនគរបាលបានឃាត់ខ្លួនស្ត្រីដែលយកបន្ទះឈើវាយបុរសម្នាក់ចំក្បាលបណ្តាលឱ្យស្លាប់នៅមន្ទីរពេទ្យ និងបញ្ជូនទៅតុលាការកាលពីថ្ងៃទី១២ ខែកុម្ភៈ។

សមត្ថកិច្ចបានឱ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈនេះថា ស្រ្តីម្នាក់ត្រូវនគរបាល​ឃាត់ខ្លួន រួចបាន បញ្ជូនទៅតុលាការនោះ ករណីបានយកបន្ទះឈើវាយក្បាលបុរសម្នាក់បណ្ដាលឱ្យស្លាប់ បន្ទាប់ពីបុរសរងគ្រោះបង្កជម្លោះជេរបញ្ចោរជាមួយស្រ្តីរូបនោះ។ហេតុការណ៍បានកើតឡើង​កាលពីល្ងាចថ្ងៃទី១១ ខែកុម្ភៈ។

មន្ត្រីដដែលបានបន្តថា ស្ត្រីសង្ស័យឈ្មោះ រ៉ឹម ចិន អាយុ ៣៣ឆ្នាំ។ ចំណែកជនរងគ្រោះឈ្មោះធុច សារិ អាយុ៥៥ឆ្នាំ ពួកគេរស់នៅភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។មុនកើតហេតុ ស្ត្រីដៃដល់និងអ្នកស្លាប់បានជួបជុំគ្នាលេងបៀនិងផឹកស្រានៅផ្ទះមួយក្នុងភូមិជាមួយគ្នា។

បន្ទាប់មកពួកគេបានឈ្លោះប្រកែកគ្នា ហើយបុរសរងគ្រោះបានជេរបញ្ចោរលើស្ត្រីសង្ស័យ។ភ្លាមនោះស្ត្រីឈ្មោះរ៉ឹម ចិនបានស្ទុះទៅយកបន្ទះឈើវាយក្បាលជនរងគ្រោះចំផ្នែកខាងក្រោយ​បណ្ដាលឱ្យរយះ​ហូរឈាមត្រូវគេជួយដឹកទៅមន្ទីរពេទ្យ។លុះដល់រសៀលថ្ងៃទី១២ ខែកុម្ភៈ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់។នៅថ្ងៃទី១២ ខែកុម្ភៈ ស្រ្តីដៃដល់ត្រូវសមត្ថកិច្ចឃាត់ខ្លួននិងកសាង​សំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕ដោយ៖វិចិត្រ