អន្តរជាតិ

នូវែលសេឡង់ប្រកាសអាសន្ន ខណៈព្យុះស៊ីក្លូន Gabrielle បោកបក់ភាគខាងជើង

ប្រទេសនូវែលសេឡង់ ប្រកាសអាសន្នបិទសាលារៀន ទីក្រុង និងជើងហោះហើរបណ្តោះអាសន្ន ខណៈដែលព្យុះស៊ីក្លូន Gabrielle កំពុងខិតជិតបោកបក់ខ្លាំងនៅភាគខាងជើង នឹងបណ្តាលឲ្យមាន​ទឹកជំនន់។

យោងតាមលោកស្រី Rachel Kelleher ជាអនុប្រធានផ្នែកគ្រប់គ្រងគ្រោះអាសន្ននៃទីក្រុង Auckland បានឲ្យដឹងនៅថ្ងៃចន្ទ ទី ១៣ ខែកុម្ភៈនេះថា ស្ថានភាពនៅក្នុងទីក្រុងធំ Auckland និងតំបន់ជុំវិញជាច្រើនទៀត សុទ្ធតែត្រូវបានដាក់ក្នុងការប្រកាសអាសន្ន។ សាលារៀន ស្រឡាង ឡានក្រុង និងរថភ្លើង និងមធ្យោបាយសាធារណៈនានា រួមទាំងជើងហោះហើរត្រូវបានបិទជា​បណ្តោះអាសន្នរង់ចាំការជូនដំណឹងថ្ងៃអង្គារ ខណៈដែលរបាយការណ៍ឧតុនិយមបាននិយាយថា ព្យុះស៊ីក្លូន Gabrielle កំពុងរំកិលខិតជិតឆ្នេរសមុទ្រភាគខាងជើង ចំហាយនៃទឹកភ្លៀងកំពុង​កើតមានបណ្តើរៗ។ លោកស្រី Rachel Kelleher បាននិយាយនៅថ្ងៃចន្ទនេះថា “យើងគិតថាផលប៉ះពាល់នៃព្យុះស៊ីក្លូន Gabrielle នឹងកាន់តែអាក្រក់ទៅៗ មុនពេលដែលព្យុះថមថយទៅវិញ”។  តែយ៉ាងណា “​វា​មិន​មែន​ជា​ពេល​ដែល​ត្រូវ​រអ៊ូ​នោះ​ទេ”។

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Chris Hipkins ក៏បានប្រកាសកញ្ចប់ថវិកាប្រមាណ១១.៥ លានដុល្លារ NZ (ស្មើនឹង ៧.២៥ លានដុល្លារអាម៉េរិក) ដើម្បីគាំទ្រដល់ក្រុមសហគមន៍ ដូចជាធនាគារស្បៀងអាហារ និងដល់ក្រុមដែលរងផលប៉ះពាល់​ដោយទឹកជំនន់។

ព្យុះស៊ីក្លូនគឺជាព្រឹត្តិការណ៍អាកាសធាតុដ៏សំខាន់ទីពីរ ដែលបានវាយលុកទីក្រុង Auckland និងកោះខាងជើងក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។ កាលពីខែមុន ទីក្រុង Auckland និងតំបន់ជុំវិញក៏បានរងការវាយប្រហារដោយជំនន់ទឹកភ្លៀង ដែលបានបង្កឲ្យមានទឹកជំនន់ និងបានសម្លាប់មនុស្ស ៤ នាក់ផងដែរ៕

ប្រភព៖REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា