សន្ដិសុខសង្គម

តាមចាប់ក្រុមចោរចូលលួចកាច់សោមួយយប់យកម៉ូតូ៨គ្រឿង

កណ្តាល៖សមត្ថកិច្ចកំពុងតាមចាប់ក្រុមចោរចូលផ្ទះជួលចំនួន៣នៅក្បែរៗគ្នា លួចកាច់សោរយៈពេលមួយយប់យកម៉ូតូអស់៨គ្រឿង។

មន្ត្រីនគរបាលខេត្តកណ្តាលបានឱ្យដឹងថា កម្មករជាម្ចាស់ម៉ូតូចំនួន៨នាក់ បានមកប្តឹងថា ក្រុមចោរបានកាត់សោលួចយកម៉ូតូពួកគាត់នៅផ្ទះជួលចំនួន៣ក្បែរៗគ្នា​ ក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល អស់ចំនួន៨គ្រឿងត្រឹមតែមួយយប់ប៉ុណ្ណោះ។

ជនរងគ្រោះឈ្មោះឈិន ឆេងគ្រី ចំណោម៨នាក់ បានឱ្យដឹងថា តាមកាមេរ៉ាសុវត្ថិភាព ក្រុមចោរបានចូលលួចម៉ូតូពួកគាត់នៅរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែកុម្ភៈកន្លងទៅ។ក្នុងនោះម៉ូតូដែលបាត់ម៉ាកហុងដា Beat-ហុងដាឌ្រីម-ឆ្នាំ២០១៩និង២០២២។

ម្ចាស់ម៉ូតូដែលបាត់បានបន្តថា ពួកគាត់មិនអស់ចិត្តសោះ គឺផ្ទះជួលមានរបងត្រឹមត្រូវ ទ្វារ២ជាន់ សុទ្ធតែចាក់សោល្អ ហេតុអ្វីពួកចោរនៅតែកាត់សោចូលលួចម៉ួតូបានងាយម៉្លេះ? ចំណែកមន្ត្រីមូលដ្ឋានបានទទួលស្គាល់ថា ពិតជាមានករណីបាត់ម៉ូតូចំនួន៨គ្រឿងក្នុងយប់តែ១នៅកន្លែងខាងលើប្រាកដមែន។

ករណីនេះ សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវស្ថិតក្នុងតំណាក់កាលស៊ើបអង្កេត មិនអាចបញ្ជាក់ពីភិនភាគ អត្តសញ្ញាណក្រុមជនសង្ស័យជាសាធារណៈបានឡើយ៕ដោយ៖វិចិត្រ