សន្ដិសុខសង្គម

ជិះម៉ូតូបុកគោយន្តពីក្រោយធ្លាយពោះវៀនស្លាប់មួយរំពេច

ស្ទឹងត្រែង៖បុរសអ្នកលក់ការ៉េមម្នាក់បានជិះម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយពេញទំហឹង ជង់ដែកគោយន្តនោះធ្លាយពោះវៀនបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅជិតផ្លូវចូលទៅវារីអគ្គិសនីសេសានក្រោម២ តាមផ្លូវជាតិលេខ៧៨ ស្ទឹងត្រែង-រតនគិរី ក្នុងភូមិវាលរំពេ ឃុំកំភុន ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង កាលពីយប់ថ្ងៃទី១២ ខែកុម្ភៈ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិតឈ្មោះហុង លី​ អាយុជាង២០ឆ្នាំ នៅភូមិស្រែបេង ឃុំអូរម្រះ ស្រុកសំបូរ ខេត្តក្រចេះ។

មុនកើតហេតុ គោយន្តកន្ត្រៃបានចតលើចិញ្ចើមផ្លូវមិនមានភ្លើងសញ្ញាបំភ្លឺ។ពេលនោះស្រាប់តែម៉ូតូអ្នកលក់ការ៉េមបើកមកពីក្រោយបុកពេញទំហឹងបណ្តាលឱ្យជង់ដែកគោយន្តនោះចំពោះធ្លាយពោះវៀនស្លាប់មួយរំពេចចោលប្រពន្ធទើបតែឆ្លងទន្លេ។

ក្រោយឃើញប្ដីស្លាប់ ប្រពន្ធបានទួញសោកបោកខ្លួនគួរឱ្យសង្វេគក្រៃលែង។បន្ទាប់ពីមានហេតុការណ៍ សមត្ថកិច្ចបានចុះវាស់វែងយកគោយន្តនិងម៉ូតូទៅទុកនៅផ្នែកចរាចរណ៍ផ្លូវគោកដើម្បីបន្តនីតិវិធី៕ដោយ៖វិចិត្រ