សន្ដិសុខសង្គម

ច្នៃផាវគ្រាប់បែកទៅបោកត្រី ផ្ទុះដាច់ប្រអប់ដៃម្ខាង

បាត់ដំបង÷ បុរសម្នាក់ច្នៃផាវគ្រាប់បែកយកទៅបោកត្រី មិនបានប្រយ័ត្ន បណ្តាលឲ្យផាវផ្ទុះដាច់ប្រអប់ដៃខាងស្តាំម្ខាង បង្កការភ្ញាក់ផ្អើលកាលពីចុងសប្តាហ៍កន្លងទៅនេះ។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា÷ ករណីគ្រោះថ្នាក់ដោយចៃដន្យនេះ បានបង្កការភ្ញាក់ផ្អើលកាលពីចុងសប្តាហ៍កន្លងទៅ ឋិតនៅត្រង់ចំណុច ៣២ ក្នុងស្ទឹងចម្លងកួយ ក្រុមទី ៥ ភូមិចម្លងរមាំងលើ ស្រុកសំឡូត ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះប្រេង ព្រិច ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិ ឃុំក្បែរទីតាំងកើតហេតុខាងលើ។ នៅថ្ងៃកើតហេតុ ជនរងគ្រោះបានរៀបចំផាវគ្រាប់បែកបម្រុងនឹងបោះបោកយកត្រីដូចសព្វដង ស្រាប់តែគ្រាប់ច្នៃនោះឆេះលឿន និងផ្ទុះមុនពេលដែលជនរងគ្រោះបោះទម្លាក់ចូលទៅក្នុងទឹកស្ទឹង បណ្តាលឲ្យផ្ទុះដាច់ប្រអប់ដៃខាងស្តាំម្ខាងតែម្តង។

ជនរងគ្រោះបច្ចុប្បន្នត្រូវបានសាច់ញាតិ ក្រុមគ្រួសារដឹកបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង៕ដោយ: ព្រះអង្គខ្មៅ