បន្ទាយមានជ័យ៖ ក្រុមរថយន្តទេសចរណ៍ផ្លូវលំបាក(OFF ROAD ) ខេត្តបន្ទាយមានជ័យទៅបោះតង់នាពេលរាត្រីលើកទី២ នៅតំបន់ការពារធម្មជាតិរហាលកេះ អាវៀន ក្នុងភូមិសាស្ត្រឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ដែលស្ថិតនៅទិសអាគ្នេយ៍ទីប្រជុំជនខេត្តប្រមាណ២០គីឡូម៉ែត្រ ។
នារសៀលដល់យប់ថ្ងៃទី១០ ខែកុម្ភ:ឆ្នាំ២០២៣ នេះ លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងក្រុមការងារ មន្ត្រីថ្នាក់ដឹកនាំ លោក សិទ្ធិ ឡោះ ជាប្រធានថយន្តទេសចរណ៍ផ្លូវលំបាក(OFF ROAD ) ខេត្ត និងសហការី ជាមួយរថយន្តជាច្រើនគ្រឿងបានទៅដល់និងបោះតង់នៅតំបន់ការពារធម្មជាតិរហាលកេះ អាវៀនហើយ ។
ការបោះតង់លើកនេះ មានបំណងជំរុញ បង្កើនការអភិរក្សសត្វស្លាបរាប់ម៉ឺនសែនក្បាល និងការបំផុសចលនាទេសចរណ៍ទៅទស្សនានៅតំបន់ការពារធម្មជាតិរហាលកេះ អាវៀន ដែលសម្បូរសត្វស្លាបទឹក សត្វស្លាបគោក និងមច្ឆជាតិមួយនេះ ។
លោកខុង ប៊ុន មេឃុំឈ្នួរមានជ័យនិងជាប្រធានសហគមន៍តំបន់ការពារធម្មជាតិរហាលកេះ អាវៀន បានឲ្យដឹងនៅថ្ងៃទី១០ខែកុម្ភ:ថា : ” កិត្តិយសជាថ្មីម្តងទៀត ដែលសហគមន៍រហាលកេះ អាវៀន បានទទួលស្វាគមន៍វត្តមានឯកឧត្តម លោកជំទាវ ក្រុមការងារឡានផ្លូវលំបាក(OFF Road ) ប្រចាំខេត្តបន្ទាយមានជ័យក្នុងឆ្នាំ២០២៣ នាថ្ងៃនិងយប់ទី១០ ខែកុម្ភៈនេះ “។ពោលគឺក្រុមនេះ ជាមួយក្បួនរថយន្តជិត៣០គ្រឿងធ្លាប់បានបោះតង់កម្សាន្តកាលពីថ្ងៃនិងរាត្រីថ្ងៃទី៦ ខែមីនា ឆ្នាំ ២០២១ កន្លងមកនៅទីនេះ ។
ភ្ញៀវអាចធ្វើដំណើរតាមតាមម៉ូតូ រថយន្ត ឬយានយន្តគ្រប់ប្រភេទតាមផ្លូវគោកទៅកាន់ផ្លូវគោកអាចទៅទស្សនាសត្វចាប់ពីចុងខែមករា ដើមខែកុម្ភៈ តទៅ ពិសេសថ្ងៃសៅរ៍-អាទិត្យ ។គឺធ្វើដំណើរលើផ្លូវខ្នងប្រឡាយ រួចកាត់វាលស្រែទៅកាន់ទីនោះ ។បងប្អូនភ្ញៀវបានអង្គុយមើលថ្ងៃលិច មើលសត្វស្លាបហើរចូលទ្រនំរាប់ម៉ឺនសែនក្បាល នៅវេលាម៉ោង៥:៣០នាទី ទៅម៉ោង៦ល្ងាច។ មើលការនេសាទត្រីជាលក្ខណៈ:គ្រួសារនិងជិះទូក បណ្តែតខ្លួនលើរហាលកេះផងដែរ។
សូមរំលឹកថា រហាលកេះ អាវៀន (រហាលមានន័យថា បឹងនៅកណ្តាលវាល) ទីអភិរក្សអេកូទេសចរណ៍មច្ឆជាតិនិងសត្វស្លាបដែលសហគមន៍រៀបចំឡើងដើម្បីកិច្ចការអភិរក្សសត្វស្លាបចម្រុះរាប់ម៉ឺនសែនក្បាលនិងមច្ឆជាតិ ព្រមទាំងក៏លើកស្ទួយជីវភាពប្រជាសហគមន៍ ។វាជាទីប្រសព្វនៃស្ទឹងសិរីសោភ័ណនិងស្ទឹងមង្គលបូរី នាព្រំប្រទល់ស្រុកព្រះនេត្រព្រះ ក្រុងសិរីសោភ័ណនិងស្រុកមង្គលបូរី ស្ថិតក្នុងភូមិសាស្ត្រឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ដើម្បីទៅដល់ទីនោះ ៖
ទី១ -ត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៦ម ។ ទៅដល់ត្រង់មុខសាលាឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ត្រូវបត់ចុះទៅត្បូងកាត់ភូមិរពាក់ ក្នុងចម្ងាយប្រមាណជាង៧គីឡូម៉ែត្រ ។
ទី២ -ធ្វើដំណើរតាមផ្លូវខេត្តលេខ១៥៦ដេ មង្គលបុរី- ព្រះនេត្រព្រះ ដល់ត្រង់ស្ពាននិងវត្តស្រមោច ភូមិស្រមោចឃុំ /ស្រុកព្រះនេត្រព្រះ ត្រូវចុះទៅជើងក្នុងចម្ងាយប្រមាណជាង២គីឡូម៉ែត្រ ។ឬបើគិតពីក្រុងសិរីសោភ័ណ វាមានចម្ងាយជាង២០គីឡូម៉ែត្រ ។
ប្រវត្តិតំបន់នេះ វាជាទំនប់ស្ទាក់បំបែក និងបង្វែរទឹកនៃប្រព័ន្ធធារាសាស្ត្រដែលកសាងឡើងក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ(ឆ្នាំ១៩៧៥-៧៩ ) ។ វាមានផ្ទៃដីទឹកនិងព្រៃលិចទឹកទំហំ២ ៨ហិកតា ។
សមាសភាពសត្វស្លាបនៅទីនោះ បានកើនចំនួន ដោយមានជិត១០ប្រភេទ។ សត្វស្លាបមានដូចជាចង្គៀលខ្យង ក្អែកទឹក ស្មោញ ត្រយង ទាព្រៃ ទុងប្រផេះ ខ្វែកធំ ទោម ត្លុម មាន់ទឹក ជាដើម។ក្រៅពីនោះ មានសត្វកុកយ៉ាងច្រើនដែរ ។
សូមរំលឹកថា តំបន់នេះអាចចែកជា២ ផ្នែក ៖
ទី១ – ជាតំបន់រហាលកេះ មានទំហំចំនួន០៥ហិកតា ជាទីអភិរក្សមច្ឆជាតិចម្រុះដូចជាត្រីរ៉ស់ ឆ្តោ ផ្ទក់ ឆ្ពិន អណ្តែង ក្រាញ់ ក្រាយ ព្រលូង សណ្តាយ ឆ្លាំង ស្លាត ឆ្លូញ ខ្ជឹង….។
និងទី២ – ជាផ្ទៃទឹក និងមានព្រៃលិចទឹកដែលហ្វូងសត្វស្លាបចម្រុះកំពុងស្នាក់នៅ ទុំពងកូននិងរកចំណីក្នុងចំនួនរាប់ម៉ឺនក្បាល និងកុករាប់សែនក្បាល ។ អាវៀនមានទំហំ ២៣ហិកតា ។ វាមានរាងក្រវេចក្រវៀន ដែលនាំឲ្យគេហៅថាអាវៀន ។ទីអភិរក្សនេះគេហៅថាតំបន់ការពារធម្មជាតិអភិរក្សរហាលកែស អាវៀន ៕
ដោយ៖សហការី