ព័ត៌មានជាតិ

អ្នកលក់ពេជ្រនៅភ្នំពេញផ្តល់សាលាមត្តេយ្យ១ខ្នងដល់សហគមន៍ជនជាតិដើមភាគចិចនៅខេត្ត រតនគិរី

រតនគិរី៖ លោក ចិន សំណាង ម្ចាស់ហាងលក់ពេជ្រ CSNJ នៅភ្នំពេញ តាមរយៈលោកជំទាវហ៊ុន ស៊ីណាត បានផ្តល់ជូននូវសាលាមត្តេយ្យសិក្សាមួយខ្នងដល់សហគមន៍ជនជាតិដើមភាគតិចនៅខេត្តរតនគិរី ដើម្បីទុកឲ្យកុមារតូចជាកូនចៅរបស់ជនជាតិដើមភាគតិចបានចូលសិក្សារៀនសូត្រ។

សាលាមតេ្តយ្យសិក្សាថ្មីសន្លាង១ខ្នងដែលបានផ្តល់ជូននិងសម្ពោដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គឺបានសាងសង់ឡើងពីបេតុង ដំបូលប្រក់ក្បឿងថៃ មានទំហំ៦ម៉ែត្រគុណនឹង៣០ម៉ែត្រ រួមមាន៥បន្ទប់ ស្ថិតនៅក្នុងបរិវេណវត្តបរឡយ ភូមិបរឡយ ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី។

ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការប្រើប្រាស់នោះ លោក ចិន សំណាង ម្ចាស់ហាងពេជ្រដែលជាម្ចាស់ជំនួយបានបញ្ជាក់ថា ដោយមើលឃើញពីទុក្ខលំបាកនិងការខ្វះខាតរបស់បងប្អូនជនជាតិដើមភាគតិច លោកក៍បានចំណាយធនធានផ្ទាល់ខ្លួនជួយកសាងសាលាមត្តេយ្យនេះឡើងសម្រាប់កុមារបានរៀនសូត្រ។

លោកញ៉ែម សំអឿន អភិបាល ខេត្តរតនគិរី បានថ្លែងអំណរគុណនិងកោតសរសើរដល់លោកចិន សំណាង និងភរិយាដែលបានចំណាយធនធានដ៏មានតម្លៃផ្ទាល់ខ្លួនជួយកសាងសាលាមតេ្តយ្យសិក្សាដែលដាក់ឈ្មោះថា «សាលាមត្តេយ្យសិក្សាហ៊ុន ស៊ីណាតបរឡយ»ទុកជាចំណងដៃជូនដល់កូនចៅជនជាតិដើមភាគតិចនៅទីនេះឲ្យបានចូលរៀនគ្រប់ៗគ្នា។

លោកអភិបាលខេត្ដបានបន្ដថា ចាប់ពីពេលនេះតទៅ«សាលាមតេ្តយ្យសិក្សា ហ៊ុនស៊ីណាតបរឡយ» នឹងរង់ចាំទទួលកុមារតូចឲ្យបានចូលរៀនលែងលំបាកទៅរៀននៅសាលាឆ្ងាយៗដូចគ្រាមុនទៀតហើយ។

លោកជំទាវហ៊ុន ស៊ីណាត ក៏បានមានប្រសាសន៍ដែរថា សាលាមតេយ្យសិក្សាដែលបានកើតថ្មីនៅលើទឹកដីដាច់ស្រយាលមួយនេះ គឺជាសមិទ្ធផលមួយដែលមានប្រយោជន៍សំខាន់ខ្លាំងណាស់ សម្រាប់ជួយអប់រំដល់កុមារតូចៗ របស់បងប្អូនជនជាតិដើមភាគតិចនិងឈានទៅស្ដារជីវភាពគ្រួសានិងសង្គមជាតិ។

លោកជំ ទាវ បានជំរុញឲ្យមាតា បិតាត្រូវនាំកូនចៅទៅចុះឈ្មោះឲ្យបានចូលរៀនគ្រប់ៗគ្នា និងបានស្នើសុំដល់អាជ្ញាធរមូលដ្ឋាន និងលោកគ្រូអ្នកគ្រូរួមនឹងសិស្សានុសិស្សដែលរៀន ត្រូវចេះរួមគ្នាថែរក្សាសាលាមួយនេះឲ្យបានល្អនិងគង់វង្សសម្រាប់ទុកឲ្យកូនចៅបានសិក្សារៀនសូត្រយូរអង្វែងតរៀងទៅ។

គួរំលឹកដែរថា នៅក្នុងពិធីសម្ពោធនោះម្ចាស់ជំនួយក៏បានផ្ដល់សម្ភារសិក្សារួមមានដូចជា៖ សៀវភៅ ប៊ិក ខ្មៅដៃ កាតាបនិងស្បែកជើង។ក្រៅពីនោះបានផ្តល់ជាអង្ករជូនប្រជាពលរដ្ឋចំនួន២១៩គ្រួសារ រួមនឹងថវិកាមួយចំនួនដល់មន្រ្តីអាជ្ញាធរមូលដ្ឋាននិងបានជួយឧបត្ថម្ភជាអង្ករ ត្រីខ ជូនដល់អាជ្ញាធរខេត្ត សម្រាប់ទុកចែកជូនដល់ពលរដ្ឋណាដែលរងគ្រោះទៀតផង៕