អន្តរជាតិ

អាម៉េរិកថាបានបាញ់ទម្លាក់វត្ថុមិនស្គាល់អត្តសញ្ញាណមួយ ទំហំប៉ុនឡានលើរដ្ឋអាឡាស្កា

សហរដ្ឋអាម៉េរិកនិយាយថា បានបាញ់ទម្លាក់វត្ថុមិនស្គាល់អត្តសញ្ញាណមួយទំហំប៉ុន​រថយន្តតូចនៅថ្ងៃសុក្រ នៅក្នុងដែនអាកាសរដ្ឋអាឡាស្កា ដើម្បីបញ្ឈប់សកម្មភាពគំរាម​កំហែងដល់អាកាសចរណ៍ស៊ីវិល។

អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា “វត្ថុដែលស្ថិតនៅរយៈកម្ពស់ខ្ពស់” កាលពីថ្ងៃសុក្រ កំពុងហោះហើរក្នុងកម្ពស់ ១២.០០០ ម៉ែត្រលើរដ្ឋអាឡាស្កា ដែលបានបង្កការគំរាមកំហែងដល់អាកាសចរណ៍ស៊ីវិល ហើយជាចុងក្រោយវាត្រូវបានបាញ់ទម្លាក់តាមបញ្ជារបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Joe Biden ។ លោក Kirby បាននិយាយបន្តថា “យើងមិនដឹងថាអ្នកណាជាម្ចាស់វត្ថុនោះទេ” វាមានទំហំតូចជាងបាឡុងរបស់ចិនដែលបានហោះពាសពេញប្រទេសកាលពី       សប្តាហ៍មុន។

ចំពោះអត្តសញ្ញាណនៃវត្ថុនោះ គេនៅមិនទាន់អាចកំណត់បានច្បាស់លាស់នៅឡើយទេ។ Kirby ថា “យើង​ហៅ​វត្ថុ​នោះ​ថា​ជា​វត្ថុ ព្រោះ​នោះ​ជា​ការ​ពិពណ៌នា​ដ៏​ល្អ​បំផុត​ដែល​យើង​មាន​នៅ​ពេល​នេះ”។ “យើង​មិន​មាន​ព័ត៌មាន​ណា​មួយ​ដែល​អាច​បញ្ជាក់​ពី​គោលបំណង​នៃ​វត្ថុនោះ​ទេ​។” ដោយឡែកអ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Patrick Ryder បានឲ្យដឹងថា យោធាអាម៉េរិកកំពុងធ្វើការដើម្បីទាញយកកម្ទេចកម្ទីពីវត្ថុនោះហើយ។ ឆ្លើយទៅកាន់អ្នកសារព័ត៌មានថាតើ វត្ថុនោះជារបស់ចិន ឬអត់ Ryderថាមិនទាន់ដឹងច្បាស់ឡើយ៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា