អន្តរជាតិ

រុស្ស៊ីប្រកាសកាត់បន្ថយផលិតប្រេងឆៅ ៥០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃនៅខែក្រោយ សងសឹកលោកខាងលិច

រុស្ស៊ីប្រកាសកាត់បន្ថយផលិតកម្មប្រេងឆៅប្រមាណ ៥០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃនៅខែក្រោយ ដើម្បីសងសឹកលោកខាងលិច ដែលបានកំណត់ទណ្ឌកម្មបិទការប្រើប្រាស់ប្រភពថាមពល     រុស្ស៊ីនៅទូទាំងសហភាពអឺរ៉ុប។

យោងតាមទីភ្នាក់ងារសារព័ត៌មានAFP តម្លៃប្រេងនៅទីផ្សារអន្តរជាតិស្រាប់តែបានហក់ឡើង​គួរឲ្យកត់សម្គាល់កាលពីថ្ងៃសុក្រ ភ្លាមៗបន្ទាប់ពីឧបនាយករដ្ឋមន្រ្តីរុស្ស៊ី Alexander Novak បាននិយាយថាប្រទេសរុស្ស៊ីនឹងកាត់បន្ថយផលិតកម្មប្រេងឆៅ៥ភាគរយ ដែលស្មើនឹង ៥០០.០០០ បារ៉ែលក្នុងមួយថ្ងៃក្នុងខែមីនាក្រោយនេះ។ ក្នុងតារាងតម្លៃប្រេងអន្តរជាតិពេលរសៀល ប្រេងឆៅប្រភេទ Brent បានកើនឡើង ១.៩ ភាគរយស្មើនឹង ៨៦.០៧ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេង WTI កើនឡើង ១.៧ ភាគរយស្មើនឹង ៧៩.៣៧ ដុល្លារក្នុងមួយបារ៉ែល។

ការសម្រេចដោយឯកតោភាគីរបស់រុស្ស៊ីនេះ បានកើតឡើងបន្ទាប់ពីលោកខាងលិច​បាន​ដាក់​ទណ្ឌកម្ម​ប្រឆាំង ហាមប្រាមការប្រើប្រាស់ថាមពលរុស្ស៊ីទាំងអស់នៅទូទាំងសហភាពអឺរ៉ុប។ ការហាមប្រាមទូទាំងសហភាពអឺរ៉ុបលើផលិតផលប្រេងរបស់រុស្ស៊ី រួមមានដូចជាប្រេងម៉ាស៊ូត សាំង និងប្រេងសម្រាប់ចាក់យន្តហោះ ខណៈបានចូលជាធរមានកាលពីថ្ងៃអាទិត្យសប្តាហ៍មុន រួមជាមួយនឹងការបន្ទាបតម្លៃដោយក្រុមប្រទេសទាំង៧ ហៅថា G7៕

ប្រភព៖AFP

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា