សន្ដិសុខសង្គម

ជិះម៉ូតូបុកត្រាក់ទ័រដឹកដើមឫស្សីពីក្រោយ បណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាម

កំពត៖គ្រោះថ្នាក់ចរាចរ២ករណីកន្លែងតែមួយ ដោយបុរសម្នាក់ជិះម៉ូតូបុកដើមឫស្សីលើត្រាក់ទ័រជង់មុត ដួលស្លាប់មួយរំពេច និងបុរសម្នាក់ទៀតមកបុកត្រាក់ទ័រនោះរងរបួសធ្ងន់។ហេតុការណ៍នេះបានកើត ឡើងនៅលើផ្លូវជាតិលេខ៣ ក្នុងភូមិវត្តពោធិ៍ ឃុំថ្មី ស្រុកទឹកឈូកាលពីយប់ថ្ងៃទី១០ ខែកុម្ភៈ។

មន្ត្រីនគរបាលបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ ស្វាយ មៀន អាយុ២៤ឆ្នាំ នៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុង/ខេត្តកំពត។ចំណែកអ្នករងរបួសមិនទាន់ស្គាល់អត្តសញ្ញាណ ព្រោះបញ្ជូនទៅមន្ទីរពេទ្យ។

មុនគ្រោះថ្នាក់កើតឡើង គេឃើញត្រាក់ទ័រមួយគ្រឿងបើកពីកើតទៅលិចដោយមានសណ្តោងរ៉ឺម៉ក ដឹកដើមឫស្សីពេញ។ពេលនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមកពីក្រោយបានបុកចំដើមឫស្សី បណ្តាលឱ្យជង់មុតរួចដួលហូរឈាមពេញខ្លួនស្លាប់តែម្តង។ភ្លាមៗនោះអ្នកបើកត្រាក់ទ័របានចុះរត់គេច បាត់។

បន្ទាប់ពីមានគ្រោះថា្នក់ កម្លាំងនគរបាល-អាវុធហត្ថនិងប្រជាការពារ កំពុងសម្រួលចរាចរណ៍ ក៏មានបុរសម្នាក់ជិះម៉ូតូយ៉ាងលឿនមកបុកត្រាក់ទ័រនោះបណ្តាលឱ្យដួលរងរបួសធ្ងន់ធ្ងរម្នាក់ទៀត។ សមត្ថកិច្ចបានទំនាក់ទំនងហៅរថយន្តដឹកទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់៕ដោយ៖កំចាយ