សន្ដិសុខសង្គម

ក្រុមជនសង្ស័យជួលរថយន្តជិះរួចរឹតកតៃកុងបំណងប្លន់ តែមិនសម្រេច

ភ្នំពេញ​៖ក្រុមជនសង្ស័យបានជួលរថយន្តជិះពីក្រុងតាខ្មៅ ខេត្តកណ្តាល មកទួលព្រង រាជធានីភ្នំពេញ ហើយបានរឹតកតៃកុងបំណងប្លន់យករថយន្តតែមិនបានសម្រេច។

ករណីបង្កការភ្ញាក់ផ្អើលនេះបានកើតឡើងនៅតាមផ្លូវទួលពង្រ ហួសស្តុបថ្មីជិត៣០០ម៉ែត្រ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែកុម្ភៈ។

សមត្ថកិច្ចប្រចាំគោលដៅបានឱ្យដឹងថា​ មុនកើតហេតុ​ មានជនសង្ស័យ៣នាក់បានជួលរថយន្ត​តូយូតាព្រូស ផ្លាកលេខភ្នំពេញ2BA-0575 ជិះពីក្រុងតាខ្មៅ ខេត្តកណ្ដាល​មកផ្សារទួលពង្រ។មកដល់កន្លែងខាងលើ​ ក្រុមជនសង្ស័យបានឱ្យរថយន្តឈប់ដើម្បីបត់ជើងតូច។​

ពេលរថយន្តបន្ថយល្បឿន ជនសង្ស័យបានយកខ្សែហ្រ្វាំងកង់មករឹតកតៃកុង។​ តែចៃដន្យខ្សែរឹតចំមាត់ទើបមានការរើបម្រះធ្វើឱ្យរថយន្តជ្រុលបុកខឿនចិញ្ចើមផ្លូវពេញទំហឹង បណ្ដាលឱ្យរថយន្តខូចខ្ទេចខ្ទីផ្នែកខាងមុខ។ក្រោយមកក្រុមជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់អស់។​

ចំណែកម្ចាស់រថយន្តរងគ្រោះ​បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ចោមចៅទី១ សុំឱ្យសមត្ថកិច្ចជួយស្រាវជ្រាវ​ដើម្បីចាប់ក្រុមចោរប្លន់ទាំងនោះយកមកផ្ដន្ទាទោសតាមច្បាប់៕​ដោយ៖វិចិត្រ