អន្តរជាតិ

អ្នកស្លាប់កើនដល់ជាង២១.០០០នាក់ ក្នុងគ្រោះរញ្ជួយដីនៅតួកគី និងស៊ីរី

ដោយឡែកគិតត្រឹមព្រឹកថ្ងៃសុក្រ ទី១០ ខែកុម្ភៈនេះ ចំនួនអ្នកស្លាប់ដោយគ្រោះរញ្ជួយដីនៅ   តួកគី និងស៊ីរី បានកើនឡើងដល់ទៅជាង ២១.០០០នាក់ហើយ ខណៈប្រតិបត្តិការសង្រ្គោះរុករកនៅតែ​កំពុងបន្ត។

យោងតាមក្រុមមន្ត្រី និងក្រុមគ្រូពេទ្យបានថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មាន AFP បានឲ្យដឹងគិតត្រឹមព្រឹកថ្ងៃសុក្រនេះថា មនុស្សសរុបដែលបានស្លាប់ក្នុងគ្រោះរញ្ជួយដីកាលពី​ថ្ងៃចន្ទកន្លងទៅនេះសរុបទាំងនៅតួកគី និងស៊ីរីបានកើនឡើងដល់ទៅ ២១.០៥១នាក់ហើយ ខណៈនៅតួកគីមាន ១៧.៦៧៤ និងនៅស៊ីរីមាន៣.៣៧៧នាក់។ បើទោះជាពេលវេលាបានរំលងទៅច្រើនម៉ោង និងច្រើនថ្ងៃហើយក៏ដោយ ក៏ប៉ុន្តែអ្នកសង្រ្គោះដែលមកពីក្នុងស្រុក និងក្រៅស្រុករាប់សិបប្រទេស មាន ចិន កូរ៉េ រុស្ស៊ី អ៊ុយក្រែនជាដើម នៅតែកំពុងសហការគ្នាយ៉ាងគត់មត់ និងក្តីសង្ឃឹមជាទីបំផុតក្នុងការរុករក និងផ្តល់ជំនួយមនុស្សធម៌។ ជាក់ស្តែង David O’Neill ជាអ្នកសង្រ្គោះមកពីក្រុមស្វែងរក និងជួយសង្គ្រោះអន្តរជាតិចក្រភពអង់គ្លេស បានប្រាប់សារព័ត៌មាន Sky News ថា ក្រុមរបស់គាត់នៅតែស្វែងរកមនុស្សនៅរស់ក្នុងកម្ទេចកម្ទី។ លោក O’Neill បានបន្តថា “វាពិតជាប៉ះទង្គិចអារម្មណ៍ណាស់ ប៉ុន្តែវាក៏ជំរុញចិត្តរបស់យើងដែរ”។

ជាមួយគ្នានេះ សហគមន៍អន្តរជាតិ ក៏ដូចជាធនាគារពិភពលោកក្តី ក៏បានប្រកាសផ្តល់ជំនួយចំនួន ១,៧៨ ពាន់លានដុល្លារដល់ប្រទេសតួកគីផងដែរ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែង   សង្គ្រោះ និងការស្តារឡើងវិញ។ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Antony Blinken ក៏បានពិភាក្សាអំពីមធ្យោបាយជាមួយសមភាគីតួកគីរបស់គាត់ ដើម្បីបន្តផ្តល់ជំនួយដល់តួកគី និង ស៊ីរី។ រញ្ជួយដីដ៏សាហាវ ៧.៨រិចឆ្ទ័រ ដែលបានកើតឡើងកាលពីថ្ងៃចន្ទនៅតំបន់ភាគខាងត្បូងប្រទេសតួកគី និងខាងជើងស៊ីរី គឺជាគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុត សម្លាប់មនុស្សច្រើនបំផុត​ហើយក្នុងប្រវត្តិសាស្រ្តចាប់តាំងពីឆ្នាំ១៩៣៩  ខណៈដែលកាលនោះក៏បានសម្លាប់មនុស្ស ៣៣.០០០ នាក់ផងដែរស្លាប់នៅក្នុងខេត្ត Erzincan ភាគខាងកើត៕

ប្រភព៖CNN

ប្រភពរូប៖CNN
ប្រែសម្រួល៖សុខ តុលា