អន្តរជាតិ

អ៊ុយក្រែន និងម៉ុលដាវីរកឃើញផែនការបែកធ្លាយរុស្ស៊ីចង់វាយកាន់កាប់ប្រទេសម៉ុលដាវី

រដ្ឋាភិបាលអ៊ុយក្រែននិងម៉ុលដាវី បានចេញសេចក្តីថ្លែងការណ៍ផ្ទៀងផ្ទាត់គ្នាទៅលើផែនការបែកធ្លាយ​របស់រុស្ស៊ីដែលមានគម្រោងចង់វាយដណ្តើមកាន់កាប់ប្រទេសម៉ុលដាវី ដូចទៅនឹងអ៊ុយក្រែន។

ថ្លែងទៅកាន់មេដឹកនាំសហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល លោក Zelensky បានឆ្លៀតហែកកកាយថា កាលពីពេលថ្មីៗនេះ លោកបានប្រាប់ប្រធានាធិបតីម៉ុលដាវី លោកស្រី Ma​ia Sandu អំពីគម្រោងការសម្ងាត់រុស្ស៊ី។ លោក Zelensky បាន​និយាយ​តាម​រយៈ​អ្នក​បក​ប្រែ​ថា៖ “ខ្ញុំ​បាន​ប្រាប់​ម៉ុលដាវី ហើយយើង​បាន​រកឃើញ​ផែនការ​នៃ​ការ​បំផ្លិច​បំផ្លាញ​ប្រទេស​ម៉ុលដាវី តាមរយៈពួក​ចារកម្ម​រុស្ស៊ី”។ ឯកសារ​នោះបាន​បង្ហាញអំពី “ពេលណា នរណាគេ និង​​របៀប ដែលផែនការ​នឹងប្រព្រឹត្តទៅដើម្បីបំបែក​លទ្ធិប្រជាធិបតេយ្យ​ប្រទេស​ម៉ុលដាវី និង​បង្កើត​ការ​គ្រប់​គ្រង​លើ​ប្រទេស​ម៉ុលដូវីទាំងស្រុង”។ យ៉ាងណា លោកស្គីបានសង្កត់ធ្ងន់ថា ផែនការ​នេះ​គឺ​ស្រដៀង​គ្នា​ទៅ​នឹង​ផែនការ​ដែល​រុស្ស៊ី​រៀបចំ​ដើម្បី​កាន់កាប់​អ៊ុយក្រែន គ្រាន់តែមិនដឹងពីពេលវេលាដែលរុស្ស៊ីនឹងចាប់ផ្តើមប៉ុណ្ណោះ។

សេវាស៊ើបការណ៍សម្ងាត់ និងសន្តិសុខរបស់ម៉ុលដាវី បានឆ្លើយតបយល់ព្រមទៅនឹងការអត្ថាធិប្បាយ​របស់ Zelensky។ ក្នុងនោះនិយាយថា  តាំងពីព័ត៌មានដែលបង្ហាញដោយដៃគូអ៊ុយក្រែនរបស់យើង និងសកម្មភាពប្រតិបត្តិការរបស់ម៉ុលដាវី គឺរកឃើញដូចគ្នា រុស្ស៊ីមានគោលបំណងចង់ធ្វើឱ្យខូចដល់​សាធារណរដ្ឋម៉ុលដូវី ធ្វើឲ្យមានអស្ថិរភាព និងការបំពានសណ្តាប់ធ្នាប់សាធារណៈ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយបង្ការទុកកាលពីសប្តាហ៍មុនថា  ម៉ុលដាវីនឹងប្រែក្លាយជាអ៊ុយក្រែនមួយទៀត គឺបណ្តាលមកពីការអុជអាលវាយតម្លៃរបស់​លោកខាងលិច។ លោកខាងលិចបានគាំទ្រការបោះឆ្នោតជ្រើសតាំងមេដឹកនាំម៉ុលដាវីលោកស្រី Sandu នៅឆ្នាំ ២០២០ និងមានបំណងចង់យកប្រទេសនេះចូលទៅក្នុងអង្គការណាតូ បញ្ចូលប្រទេស​ម៉ុលដាវីជាមួយរូម៉ានី៕

ប្រភព៖DAILYMAIL

ប្រភពរូប៖DAILYMAIL
ប្រែសម្រួល៖សុខ តុលា