អន្តរជាតិ

អ៊ុយក្រែនស្រែកង៉ាង បន្ទាប់ពីក្រុមហ៊ុនអ៊ីនធើណេត Starlink ប្រកាសរឹតបន្តឹងមុខងារកងកម្លាំងខ្លួន

រដ្ឋាភិបាលអ៊ុយក្រែនប្រតិកម្មភ្លាមៗ ជំរុញឲ្យក្រុមហ៊ុនអ៊ីនធើណេតផ្កាយរណប Starlink របស់មហាសេដ្ឋី Elon Musk មេត្តាកុំរឹតបន្តឹងមុខងារកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនលើយន្តហោះគ្មានមនុស្សបើក​ឲ្យសោះ។

ការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានជំរុញកាលពីថ្ងៃព្រហស្បតិ៍ទៅកាន់ក្រុមហ៊ុន SpaceX កុំស្វែងរកមធ្យោបាយបង្កគ្រោះថ្នាក់ រឹតត្បិតមុខងារកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនពីការចូលទៅប្រើ និងគ្រប់គ្រងយន្តហោះគ្មានមនុស្សបើក។ ទីប្រឹក្សាប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន Mykhailo Podoliak បានបង្ហោះសារនៅលើ Twitter ថា៖ “មួយឆ្នាំហើយនៃការតស៊ូរបស់អ៊ុយក្រែន ក្រុមហ៊ុនត្រូវតែសម្រេចចិត្តឲ្យបានល្អិតល្អន់ ថាតើនៅខាងអ៊ុយក្រែន សិទ្ធិសេរីភាពអ៊ុយក្រែន ឬយ៉ាងណា។ ឬមួយក៏ក្រុមហ៊ុនសម្រេចចិត្តបង្កគ្រោះថ្នាក់ ចង់នៅខាងរុស្ស៊ីជាអ្នកដែលសម្លាប់​និង​ដណ្តើម​យក​ទឹកដីគេ”។

ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីប្រធានក្រុមហ៊ុន SpaceX លោកស្រី Shotwell បានពន្យល់​ឡើងវិញ​នៅក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុង Washington DC កាលពីថ្ងៃពុធសប្តាហ៍នេះថា បច្ចេកវិទ្យា Starlink គឺមិនសម្រាប់ប្រើដើម្បីយកទៅបំពាក់អាវុធនោះទេ។ ប្រធានក្រុមហ៊ុនរូបនេះបានសង្កត់ធ្ងន់ថា សេវាអ៊ីនធើណេតផ្កាយរណប Starlink គឺសម្រាប់ប្រើតែក្នុងគោលបំណងមនុស្សធម៌ប៉ុណ្ណោះ។

យន្តហោះគ្មានមនុស្សបើកបានដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គ្រាម ត្រូវបានប្រើប្រាស់ដោយ  ទីក្រុង Kyiv ដើម្បីស្វែងរកកងទ័ពរុស្ស៊ី ទម្លាក់គ្រាប់បែក និងប្រឆាំងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក​រុស្ស៊ី។ ប្រសិនបើយន្តហោះគ្មានមនុស្សបើកត្រូវបានរឹតបន្តឹងមុខងារមិនអាចប្រើបាន នោះសមត្ថភាព​ការពារជាតិនឹងត្រូវធ្លាក់ចុះគួរឲ្យកត់សម្គាល់៕

ប្រភព៖BBC NEWS

ប្រភពរូប៖BBC NEWS
ប្រែសម្រួល៖សុខ តុលា