ព័ត៌មានជាតិ

អង្គការ GIZ អាល្លឺម៉ង់ជាដៃគូសំខាន់ក្នុងការអភិរក្សព្យាបាលថ្មប្រាសាទនិងបណ្តុះបណ្តាលធនធានមនុស្ស

សៀមរាប៖ អ្នកជំនាញអាល្លឺម៉ង់ផ្នែកព្យាបាលនិងថែទាំថ្ម លោក Christoph BUECKER មានប្រសាសន៍ថា រយៈពេលច្រើនឆ្នាំមកហើយ ចាប់តាំងពីតំបន់រមណីយដ្ឋានអង្គរបានចូលជាសម្បត្តិបេតិកភណ្​ឌនៃពិភពលោកមក មានប្រទេសជាច្រើនបានចូលរួមជាដៃគូអន្តរជាតិ ក្នុងកិច្ចការពារនិងអភិរក្ស​នៅតំបន់អង្គរ ហើយក្នុងនោះអង្គការ GIZ នៃប្រទេសអាល្លឺម៉ង់ ក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការងារអភិរក្សថ្ម និងបណ្តុះបណ្តាលធនធានមនុស្សជំនាន់ថ្មីដែរ។

អង្គការ GIZ នៃប្រទេសអាល្លឺម៉ង់ជាដៃគូដែលមិនអាចខ្វះបាន ក្នុងការជួយបណ្តុះបណ្តាលអ្នកជំនាញខ្មែរ​ខាងវិស័យអភិរក្សនិងជួសជុលចម្លាក់ថ្មនៅតំបន់អង្គរ។

ជាច្រើនឆ្នាំមកនេះ អង្គការGIZ អាល្លឺម៉ង់ នៅតែខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការងារជួយ​បណ្តុះបណ្តាលធនធានមនុស្សផ្នែកជំនាញព្យាបាលនិងអភិរក្សថ្ម ប្រាសាទបុរាណនានា ក្នុងគោលបំណងធ្វើឱ្យអាជ្ញាធរជាតិអប្សរាមានអ្នកជំនាញជំនាន់ថ្មី មានចំនួនកើនឡើង និងមានជំនាញកាន់តែល្អប្រសើរ ដើម្បីបន្តធ្វើការងារអភិរក្ស នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ហើយបន្ថែមពីលើនេះ ភាគីអាល្លឺម៉ង់ក៏បានជួយនៅក្នុងកិច្ចការទាំងផ្នែកអភិរក្សនិងផ្នែក​ស្រាវជ្រាវជាច្រើនទៀតដែរ។

លោក Christoph BUECKER បន្តទៀតថា៖ វត្តមានរបស់អង្គការ GIZនៅតំបន់អង្គរ គឺដើម្បីបង្ហាត់បង្រៀនអ្នកជំនាញខ្មែរ ដែលកំពុងបម្រើការនៅក្នុងអាជ្ញាធរជាតិអប្សរា ឱ្យចេះជំនាញសង្កេតថ្ម ជួយជំរុញបន្ថែមទៀតនូវជំនាញអភិរក្សថ្ម ការមើលចម្លាក់ថ្ម និងការព្យាបាលចម្លាក់ថ្មនៅតាមប្រាសាទបុរាណនានា។

អ្នកជំនាញអភិរក្សថ្មម្នាក់ទៀតនៃអង្គការGIZ អាល្លឺម៉ង់ កញ្ញា Helen JACOBSEN ឱ្យដឹងដែរថា៖ ចាប់តាំងតែពីឆ្នាំ២០០៧មក GIZ បានជួយបណ្តុះបណ្តាលមនុស្សខ្មែរ ជាច្រើនក្នុងជំនាញផ្នែកអភិរក្សថ្ម ហើយការបណ្តុះបណ្តាលនេះបានបែងចែកជាវគ្គៗ រយៈពេលបីឆ្នាំម្តង ។

បច្ចុប្បន្ន GIZ ក៏មានគម្រោងជាច្រើនទៀត សម្រាប់បណ្តុះបណ្តាលធនធានមនុស្សខ្មែរ។ គម្រោងទាំងនោះ គឺបានប្រើប្រាស់ថវិការបស់ GIZនៃប្រទេសអាល្លឺម៉ង់ទាំងស្រុង សម្រាប់ផ្គត់ផ្គង់ទាំងសម្ភារ ទ្រឹស្តី និងបច្ចេកទេសមួយចំ នួន ដែលត្រូវនាំយកពីក្រៅប្រទេស នៅពេលបើកវគ្គបង្រៀនម្ដងៗនោះ។

បណ្តុះបណ្តាលទៅលើផ្នែកផ្សេងៗគឺមានច្រើនវគ្គ ដោយក្នុងមួយវគ្គៗមានសិក្ខាកាមចំនួន២០នាក់ ហើយវគ្គនីមួយៗ ក៏មានការបង្រៀនខុសៗគ្នាទាំងទ្រឹស្តីនិងការអនុវត្តជាក់ស្ដែងនៅតាមការដ្ឋាន។

ជាមួយគ្នានេះដែរ GIZ ក៏បានជួយឧបត្ថម្ភសម្ភារមួយចំនួនទៀត ដល់ផ្នែកពិសោធន៍ ដោយមានម៉ាស៊ីនពិសោធន៍ ដែលអាចធ្វើតេស្តទៅលើថ្មមួយចំនួន ព្រមទាំងអាចជួយបន្សាបជាតិអំបិលនៅលើថ្មនិងពីរបៀបថាតើត្រូវដកយកជាតិអំបិលចេញពីថ្មដោយរបៀបណាទៀតផង។

អង្គការ GIZ អាល្លឺម៉ង់សង្ឃឹមថា តាមរយៈការខិតខំជួយបណ្ដុះបណ្ដាលធនធានមនុស្សខ្មែរ លើជំនាញផ្នែកអភិរក្សថ្មនិងព្យាបាលថ្មរបស់ប្រាសាទបុរាណនេះ គឺនៅពេលខាងមុខ អ្នកជំនាញខ្មែរអាចនឹងមានសមត្ថភាពធ្វើការងារដោយខ្លួនឯង ក្នុងការជួសជុលប្រាសាទបុរាណនានា ការចេះសង្កេតចម្លាក់ថ្ម និងព្យាបាលចម្លាក់ថ្មប្រាសាទ ដោយមិនចាំបាច់ពឹងផ្អែកលើអ្នកជំនាញមកពី​បរទេសទៀតឡើយ៕