អន្តរជាតិ

ហ្សេឡិនស្គី៖ អឺរ៉ុបនឹងឈរនៅជាមួយយើងរហូតដល់បានជ័យជម្នះ

ក្រោយបានធ្វើដំណើរចេញក្រៅប្រទេសទៅអឺរ៉ុបលើកនេះ ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិនស្គី បានសម្ដែងក្តីសង្ឃឹម និងភាពជឿជាក់ថា អឺរ៉ុបនឹងនៅឈរជាមួយខ្លួនរហូតដល់ទទួលបានជ័យជម្នះ​ពីរុស្ស៊ី។

លោក Volodymyr Zelenskyy បានមានប្រសាសន៍ទៅកាន់អ្នកយកព័ត៌មាននៅក្នុងទីក្រុង Brussels កាលពីថ្ងៃព្រហស្បតិ៍ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋក្រៅប្រទេសថា មេដឹកនាំអឺរ៉ុបមួយចំនួនបានសម្តែង “ការត្រៀមខ្លួន” ដើម្បីផ្គត់ផ្គង់ទីក្រុង Kyiv ជាមួយនឹងយន្តហោះចម្បាំងហើយ។ “អឺរ៉ុបនឹងនៅជាមួយយើងរហូតដល់ជ័យជម្នះរបស់យើង។ លោកស្គីបានលម្អិតថា “ខ្ញុំ​បាន​ឮ​វា​ពី​មេដឹកនាំ​អឺរ៉ុប​មួយ​ចំនួន… អំពី​ការ​ត្រៀម​ខ្លួន​ផ្តល់​អាវុធ និង​ជំនួយ​ចាំបាច់​ដល់​យើង រួម​ទាំង​យន្តហោះ​ផង​ដែរ”។ “ខ្ញុំ​មាន​កិច្ច​ព្រម​ព្រៀង​ទ្វេភាគី​មួយ​ចំនួនហើយ​ឥឡូវ​នេះ។ យើង​នឹង​លើក​ឡើង​ពី​បញ្ហា​យន្តហោះ​ចម្បាំង និង​យន្តហោះ​ផ្សេង​ទៀត”។  ក្នុងឱកាសនោះដែរ Zelenskyy ក៏បានទទួលការអបអរសាទរពីសភាអឺរ៉ុប និងថែមទាំងបានជួបប្រជុំកំពូលជាមួយមេដឹកនាំទាំង ២៧ របស់សហភាពអឺរ៉ុប ដោយទទូចនៅក្នុង​សុន្ទរកថា​ដ៏គួរឱ្យចាប់អារម្មណ៍ និងក្តុកក្តួលមួយថា ការប្រយុទ្ធរបស់ប្រទេសរបស់គាត់ជាមួយរុស្ស៊ី គឺជាសិទ្ធិសេរីភាពស្មើនឹងអឺរ៉ុបទាំងអស់ដែរ។

ថ្វីបើបែបណាក៏ដោយ មិន​មាន​ការ​បញ្ជាក់​ភ្លាមៗ​ពី​បណ្តា​ប្រទេស​អឺរ៉ុប​ណា​មួយ​អំពី​ការ​សន្យា​ទាក់ទងនឹងយន្តហោះចម្បាំងដូចដែលអ៊ុយក្រែនលើកឡើងនោះទេ៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា