សន្ដិសុខសង្គម

រថយន្តធំដឹកដែកសំណាញ់កំពុងលឿនគេចឧបសគ្គបណ្តាលឱ្យក្រឡាប់

ភ្នំពេញ៖រថយន្តធំដឹកដែកសំណាញ់កំពុងបើកលឿន បានគេចពីឧបសគ្គខាងមុខកាច់ចង្កូតបង្​ខំបណ្តាលឱ្យក្រឡាប់ តែមិនបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សទេ។ ករណីខាងលើ​បង្ក​ឱ្យមាន​ការ​ភ្ញាក់ផ្អើល​នៅតាម​​ផ្លូវជាតិលេខ១ ម្តុំ​ស្តុបវត្តនិរោធ ​ក្នុង​សង្កាត់និរោធ ​ខណ្ឌច្បារអំពៅ កាលពីល្ងាចថ្ងៃទី៩ ខែកុម្ភៈ។

មន្តី្រប្រចាំគោលដៅបានឱ្យដឹងថា រថយន្តធំបង្កគ្រោះថ្នាក់ដោយខ្លួនឯងនេះផ្លាកលេខភ្នំពេញ3D-7947 អ្នក​រួម​ដំណើរ​២នាក់។

មុនកើតហេតុ​ រថយន្ត​បើក​ចេញពីផ្លូវបេតុងឡើង​ទៅលើ​ផ្លូវ​ជាតិ​លេខ១​ហើយបត់ឆ្វេងបំណងទៅ​ឡើង​​ស្ពានព្រះមុន្នីវង្ស។ពេលនោះ​រថយន្តកំពុងលឿនជួបឧបសគ្គខាងមុខក៏កាច់​ចង្កូតបង្ខំបណ្តាលឱ្យ​រថយន្តក្រឡាប់តែម្តង​ ដោយមិនមានប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈនិងមិនបណ្តាលឱ្យ​មនុស្សរងគ្រោះថ្នាក់ឡើយ។

បន្ទាប់មកតៃកុងបានចេញពីរថយន្តហើយរត់គេចខ្លួនបាត់នៅ​តែមនុស្ស២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន​សាកសួរដើម្បីទំនាក់ទំនង​ទៅខាង​ក្រុមហ៊ុនឱ្យមកដោះស្រាយ៕ដោយ៖វិចិត្រ