សន្ដិសុខសង្គម

ភ្ជួរដីដាំដំឡូងឃើញគ្រាប់មិនទាន់ផ្ទុះ៣គ្រាប់កន្លែងអតីតសមរភូមិក្តៅ

បាត់ដំបង៖ពលរដ្ឋភ្ជួរដីដាំដំឡូងបានប្រទះឃើញគ្រាប់កាំភ្លើង និងគ្រាប់មីនមិនទាន់ផ្ទះចំនួន ៣គ្រាប់ កប់នៅក្នុងដីចន្លោះរងដំឡូងជាអតីតសមរភូមិប្រយុទ្ធដ៏ក្តៅគគុក។

មន្ត្រីនគរបាលបានឱ្យដឹងថា ការប្រទះឃើញគ្រាប់យុទ្ធភណ្ឌសល់ពីសម័យសង្គ្រាមនេះ​បានបង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី៩ ខែកុម្ភៈ ត្រង់គ្រឹះខ្លុង ក្នុងភូមិដង្គត់ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ម្ចាស់ចម្ការ ឈ្មោះស៊ិម ពិសិទ្ធ អាយុ ៣៤ឆ្នាំ នៅភូមិ ឃុំក្បែរទីតាំងកើតហេតុ ក្រោយពីបានឃើញគ្រាប់ក៏រាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍ ។ ការរកឃើញនេះដំបូងឡើយបានប្រទះឃើញតែដែកចុងគ្រាប់ប៉ុណ្ណោះ សង្ស័យក៏កាយពិនិត្យមើលទើបដឹងច្បាស់ថាជាគ្រាប់កាំភ្លើង និងគ្រាប់មីនរហូតដល់ចំនួន៣គ្រាប់។

សមត្ថកិច្ចបានឱ្យដឹងថា គ្រាប់កាំភ្លើងនិងគ្រាប់មីនដែលប្រទះឃើញនេះចំនួន ៣គ្រាប់។ក្នុងនោះមានគ្រាប់មីន ៦៩មួយគ្រាប់-គ្រាប់កាំភ្លើង១០០មិលី្លម៉ែត្រមួយគ្រាប់និងគ្រាប់​ប្រភេទ៦០មិលី្លម៉ែត្រមួយគ្រាប់។បន្ទាប់មកនគរបាលមូលដ្ឋានបានដាក់ផ្លាកសញ្ញាហាមឃាត់ រួចរាយការណ៍ទៅមន្ត្រីកម្ចាត់មីនកម្ពុជា CMAC ចុះប្រមូលយកទៅទុកនៅកន្លែងមានសុវត្ថិភាព​រង់ចាំដុតកម្ទេចចោលនៅពេលក្រោយ៕ដោយ: ព្រះអង្គខ្មៅ