សន្ដិសុខសង្គម

បិទយានដ្ឋានធ្វើអាជីវកម្មកែច្នៃរថយន្តខុសបច្ចេកទេសក្នុងក្រុងបាត់ដំបង

បាត់ដំបង៖សមត្ថកិច្ចជំនាញបានចុះបិទយានដ្ឋានធ្វើអាជីវកម្មមួយ លួចលាក់កែច្នៃរថយន្ត ដឹកទំនិញខុសបច្ចេកទេស ក្នុងក្រុងបាត់ដំបងជាបណ្តោះអាសន្ន។

លោកស៊ូ ប៉ុណ្ណារ៉ុង អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបងបានឱ្យដឹងកាលពីថ្ងៃទី៩ ខែកុម្ភៈថា មន្ត្រីជំនាញបានចុះត្រួតពិនិត្យជាក់ស្តែង ដោយបានរកឃើញយានដ្ឋានមួយបានកែច្នៃ រថយន្តខុសលក្ខណ:បច្ចេកទេស។ ការចុះពិនិត្យមើលនូវការរៀបចំខុសទម្រង់ដើមខាងលើនេះ គោលបំណងទប់ស្កាត់ការកែច្នៃយានយន្តតាមទំនើងចិត្ត ខុសស្តង់ដារបស់ក្រុមជាង។ក្នុងនោះក៏ជាការបំផ្លាញផ្លូវថ្នល់តាមច្បាប់កំណត់ និងការពារសុវត្ថិភាពអាយុជីវិតសាធារណជននានា ផងដែរ។

យានដ្ឋានដែលលួចលាក់កែច្នៃរថយន្តខាងលើមាន យីហោ គឹម វណ្ណឌី មានទីតាំងក្នុងសង្កាត់ទួលតាឯក ក្រុងបាត់ដំបង។មន្ត្រីមន្ទីរជំនាញសម្រេចបិទការធ្វើអាជីវកម្មកែច្នៃនិងជួសជុលជាបណ្តោះអាសន្ន រង្វង់១សប្តាហ៍។ ករណីមិនចូលរួមតាមការណែនាំ នឹងត្រូវប្រឈមជាមួយវិធានការច្បាប់ ដោយមិនលើកលែងឡើយ៕ដោយ៖ព្រះអង្គខ្មៅ