សន្ដិសុខសង្គម

បញ្ជូន៩នាក់,គ្រឿងញៀនជិត៣គីឡូ និងរថយន្ត៥គ្រឿងទៅតុលាការ

ខេត្តព្រះសីហនុ៖កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជូនខ្លួនជនសង្ស័យ៩នាក់,គ្រឿងញៀនជិត​៣គីឡូក្រាមនិងរថយន្ត៥គ្រឿងទៅតុលាការដើម្បីអនុវត្តតាមច្បាប់។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី៩ ខែកុម្ភៈ អាវុធហត្ថផ្នែកជំនាញបានបញ្ជូនជនសង្ស័យចំនួន​៩នាក់,គ្រឿងញៀនជិត៣គីឡូក្រាមនិងរថយន្ត៥គ្រឿងទៅតុលាការខេត្តព្រះសីហនុដើម្បីបន្តនីតិវិធី។ជនសង្ស័យទាំង៩នាក់ខាងលើ ត្រូវអាវុធហត្ថខេត្តចាប់ខ្លួននៅ២ទីតាំងផ្សេងគ្នា ដោយមុខសញ្ញាខ្លះតាមចាប់ដល់ភ្នំពេញនិងមួយចំនួនចាប់ខ្លួននៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ក្រុមនេះមានឈ្មោះថន ផល្លា-ផាន់លំអង, សឿនចាន់ណា, ឆនសុឃឿន, យ៉ងសុភាស់, ធីឡុង, ណាំ វ៉ន, ផនស្រីណា ភេទស្រី និងឈឹមស្រីអូន។ពួកគេមានអាយុពី២០ដល់៥៧ឆ្នាំ នៅឃុំកែវផុស​ឃុំវាលរេញ-ស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ពេលចាប់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងម្សៅសថ្លាចំនួន១៥កញ្ចប់ទម្ងន់២គីឡូក្រាម-ម្សៅសថ្លាមួយកញ្ចប់ធំ៥ កញ្ចប់តូចទម្ងន់២១៨,៩៤ក្រាម, ម្សៅសថ្លាមួយកញ្ចប់ទម្ងន់ប្រហែល១គីឡូក្រាម, ប្រភេទគ្រាប់​ចំនួន៤គ្រាប់, ដបជក់៣, ទូរសព្ទ៥គ្រឿង, រថយន្ត៥គ្រឿង, ម៉ូតូ១គ្រឿង និងប្រាក់២០ម៉ឺនរៀល៕ដោយ៖វិចិត្រ