សន្ដិសុខសង្គម

ត្រៀមបញ្ជូនស្ត្រីម្នាក់ចេញសែកស្អុយ​ ៣០​ម៉ឺន​ដុល្លារ​​ទៅតុលាការ ​

ភ្នំពេញ៖ស្ត្រីអាជីវករវ័យក្មេងម្នាក់ ត្រូវនគរបាលក្រសួងមហាផ្ទៃចាប់ខ្លួន កាលពីរសៀលថ្ងៃទី៩ ខែកុម្ភៈ ពាក់ព័ន្ធចេញសែកស្អុយ៣០ម៉ឺនដុល្លារ រួចត្រៀមបញ្ជូនទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រី​​​​សង្ស័យ​ឈ្មោះ សិទ្ធិ គុណសក្តិ​និ​តា អាយុ​២៧​ឆ្នាំ ជាអ្នក​លក់ដូរ ស្នាក់​នៅ​បុរី​ពិ​ភព​ថ្មីចម្ការ​ដូង​១ ខណ្ឌដង្កោ។ ការ​ចាប់ខ្លួន​ស្ត្រី​ខាងលើ​​អនុត្ត​តាម​ដីកា​របស់​ព្រះរាជអាជ្ញាតុលាការ​​ភ្នំពេញតាម​បណ្តឹង​​​ម្ចាស់បំណុល។

ក្នុងពាក្យបណ្តឹងបាន​បញ្ជាក់​ថា កាលពីដើម​ខែកញ្ញា ឆ្នាំ​២០២២ ឈ្មោះ សិទ្ធិ គុណសក្តិ​និ​តា អ្នករាប់អាន​ជាមួយ​ដើមបណ្តឹង ​បាន​​ខ្ចី​លុយ​ចំនួន​៣០​ម៉ឺន​ដុល្លារ​ដើម្បី​យក​​ទៅ​ពង្រីក​លើមុខរបរ​។​ឈ្មោះសិទ្ធិគុណសក្តិ​និ​តា បាន​ប្រាប់​ដើមបណ្តឹង​ថា “យក​លុយ​បង​ឯងប្រើ​តែ​រយៈពេល​២០​ថ្ងៃ​ប៉ុណ្ណោះខ្ញុំ​នឹង​បង្វិល​សង​វិញ​ហើយ”។

លុះដល់​ថ្ងៃ​ទី​២១ ខែកញ្ញា​ ឈ្មោះ សិទ្ធិគុណសក្តិ​និ​តា បាន​ចេញ​មូលប្បទានបត្រ​១​សន្លឹករបស់​ធនាគារ​ ដែល​មាន​ទឹកប្រាក់​ចំនួន​៣០​ម៉ឺន​ដុល្លារ​ឱ្យ​ទៅ​ដើមបណ្តឹង ដើម្បី​ទូទាត់​បំណុល​​។ម្ចាស់លុយបានយកសែកនោះ​ទៅ​បើកប្រាក់​ ស្រាប់តែ​ខាង​ធនាគារ​ឆ្លើយ​តប​ថា មូលប្បទានបត្រ​នេះ​គ្មាន​សាច់ប្រាក់​ទេ។ពេល​នោះ​ដើមបណ្តឹង​សម្រេច​ប្តឹង​ទៅ​សមត្ថ​កិច្ចដើម្បី​​ជួយ​ចាត់ការ​តាម​ច្បាប់។

អង្គហេតុខាងលើនេះ ទើបនគរបាលក្រសួងមហាផ្ទៃចាប់ខ្លួនស្ត្រីអាជីវកររូបនោះត្រៀមបញ្ជូនទៅ​តុលាការដើម្បីបន្តនីតិវិធី៕ដោយ៖វិចិត្រ