សន្ដិសុខសង្គម

ចោរប្លន់យកម៉ូតូពីក្មេងស្រី២នាក់ទៅបាត់ ក្នុងខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ក្រុមចោរបានប្លន់យកម៉ូតូពីក្មេងស្រី២នាក់កំពុងឈប់ចាំមិត្តភក្តិ ហើយជិះគេចខ្លួនបាត់ នៅមុខបុរីប៊ុនហួ ភូមិព្រៃព្រីងត្បូង១ ខណ្ឌពោធិ៍សែនជ័យ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែកុម្ភៈ។

នៅព្រឹកថ្ងៃដដែល ក្មេងស្រីរងគ្រោះបានទៅដាក់ពាក្យបណ្តឹង ហើយសមត្ថកិច្ចបានប្រាប់ថា នាងឈ្មោះស្រី នីត អាយុ២២ឆ្នាំ និងម្នាក់ទៀតឈ្មោះម៉ៅ ស្រីពៅ ។ ចំណែកម៉ូតូដែល​ជនសង្ស័យវាយប្លន់ទៅនោះម៉ាកហុងដា Beat ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ1IT-4527។

ក្មេងស្រីរងគ្រោះបានឱ្យដឹងថា មុនកើតហេតុ ពួកគាត់បានជិះម៉ូតូមកឈប់ចាំមិត្តភក្ដិនៅមុខបុរីប៊ុនហួ។បន្ទាប់មកស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងមិនចាំផ្លាកលេខមកឈប់ វាយប្លន់យកម៉ូតូពួកគាត់ជិះគេចខ្លួនបាត់។ភ្លាមៗនោះក៏បានស្រែកឱ្យគេជួយដែរ តែមិនមានលទ្ធផល។

ក្រោយទទួលពាក្យបណ្តឹង កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបានបន្តស្រាវជ្រាវស្វែងរកចាប់​មុខសញ្ញាប្លន់ម៉ូតូនោះយកមកចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ