អន្តរជាតិ

ចិនថ្កោលទោសសម្ដីមើលងាយរបស់លោកប្រធានាធិបតីចូបៃដិនដាក់លោកស៊ីជីនពីង

រដ្ឋាភិបាលចិនទីក្រុងប៉េកាំងបានថ្កោលទោសសម្ដីមើលងាយរបស់លោកប្រធានាធិបតីអាម៉េរិកចូបៃដិន ដាក់មកលើមេដឹកនាំខ្លួនលោកស៊ីជីនពីង ចំពេលទំនាក់ទំនងតានតឹងរឿង បាឡុងកំពុងកើតមានស្រាប់។

ក្នុងការកត់សម្គាល់ថ្កោលទោសប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុង ប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានសំដែងការ “មិនពេញចិត្តយ៉ាងខ្លាំង” ចំពោះសម្ដីរបស់លោកចូបៃដិន ដែលបាននិយាយដាក់លោកស៊ីជីនពីង ប្រមុខបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិនក្នុងបទសម្ភាសន៍ជាមួយ PBS NewsHour ថាកំពុងជាប់គាំងក្នុងវិបត្តិដ៏ធំមួយ ​រួមទាំងសេដ្ឋកិច្ចផងនោះ។  អ្នកនាំពាក្យថា “ប្រភេទនៃវោហារសាស្ត្រពីសហរដ្ឋអាម៉េរិកនេះ គឺគ្មានការទទួលខុសត្រូវទាល់តែសោះ ហើយវាផ្ទុយទៅនឹងក្រមសីលធម៌ការទូតជាមូលដ្ឋាន” ដោយបន្ថែមថាទីក្រុងប៉េកាំង “ប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ”។

នៅក្នុងបទសម្ភាសន៍ជាមួយ PBS បៃដិនបាននិយាយថា ការសម្រេចចិត្តបាញ់ទម្លាក់បាឡុងចិន​គឺជារឿងត្រឹមត្រូវ តែអាម៉េរិកមិនមែនចង់ស្វែងរកជម្លោះណាមួយជាមួយចិនទេ។ ឃ្លាចុងក្រោយប៉ុន្មានម៉ាត់ បៃដិនបាននិយាយទៀតថា “លោក Xi មាន “បញ្ហាដ៏ធំ” រួមទាំង “សេដ្ឋកិច្ចដែលមិនដំណើរការល្អ” ។ “តើអ្នកអាចគិតពីមេដឹកនាំពិភពលោកផ្សេងទៀតដែលកំពុងធ្វើ​ពាណិជ្ជកម្មជាមួយ Xi Jinping បានទេ?

ជម្លោះវោហារសាស្ត្រចុងក្រោយបង្អស់រវាងសហរដ្ឋអាម៉េរិកនិងចិននេះ បានកើតឡើងបន្ទាប់ពីការបាញ់​ទម្លាក់​បាឡុងរបស់ចិនកាលពីសប្តាហ៍មុនដោយយន្តហោះចម្បាំង F22អាម៉េរិក ក្នុងដែនអាកាសរបស់​សហរដ្ឋអាម៉េរិក៕

ប្រភព៖AFP

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា