សន្ដិសុខសង្គម

ចាប់បានអ្នកលួចនិងអ្នកទិញ៤នាក់ ម៉ូតូ៨គ្រឿងត្រៀមបញ្ជូនទៅតុលាការ

ពោធិ៍សាត់៖កម្លាំងនគរបាលខេត្តចំនួន២ ពោធិ៍សាត់និងកំពង់ឆ្នាំង សហការចាប់បាន​មុខសញ្ញា៤នាក់ជាមួយម៉ូតូចំនួន៨គ្រឿងត្រៀមបញ្ជូនទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី៨ ខែកុម្ភៈ កម្លាំងនគរបាលខេត្តពោធិ៍សាត់និងខេត្តកំពង់ឆ្នាំង សហការស្រាវជ្រាវចាប់បានក្រុមជនសង្ស័យលួច-ប្លន់និងអ្នកទទួលផលចោរកម្មចំនួន៤នាក់ ដកហូតវត្ថុតាងម៉ូតូចំនួន៨គ្រឿង យកបន្តនីតិវិធី។

ជនសង្ស័យពាក់ព័ន្ធបទលួច២នាក់ឈ្មោះខាន់ រ៉ា អាយុ ៣៦ឆ្នាំ នៅភូមិថ្នល់ថ្មី ឃុំវិហារលួង ខេត្តត្បូង ឃ្មុំនិងឈ្មោះសុទ្ធ ហៀង អាយុ ៣២ឆ្នាំ នៅភូមិផ្លូវមាន់ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។អ្នកទទួលផលចោរកម្មឈ្មោះមៀច ហ៊ន អាយុ៣៩ឆ្នាំ នៅភូមិក្រាំងតាសែនខេត្តពោធិ៍សាត់ និងឈ្មោះយ៉ាន សុខឃន អាយុ៣៧ឆ្នាំ នៅភូមិសាលាគំរូ ខេត្តពោធិ៍សាត់។ក្នុងនោះដកហូតវត្ថុតាងម៉ូតូម៉ាកវ៉េវ និងហុងដាឌ្រីមចំនួន៨គ្រឿង។

ក្រោយពីឃាត់ខ្លួននិងសាកសួររួច ផ្នែកនគរបាលជំនាញខេត្តពោធិ៍សាត់បានកសាងសំណុំរឿង​ត្រៀមបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ