សេដ្ឋកិច្ច

ខែមករា កម្ពុជា​នាំចេញ​អង្ករ​ជិត ៤​ម៉ឺន​តោន គិត​ជា​ទឹកប្រាក់​ជិត ៣០​លាន​ដុល្លារ​

​ភ្នំពេញ​៖ ក្នុង​ខែមករា ឆ្នាំ​២០២៣ កម្ពុជា​បានធ្វើ​ការនាំចេញ​អង្ករ​បាន​ចំនួន ៣៦,៩០០​តោន​ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន​២៨.៨៣​លាន​ដុល្លារ​សហរដ្ឋអាមេរិក ទៅកាន់​ទីផ្សារ​អន្តរជាតិ​ចំនួន ៣៤​គោលដៅ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នៅ​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២៣​។​

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ឲ្យ​ដឹង​ទៀតថា ប្រទេស​គោលដៅ​ទាំងនោះ រួមមាន​៖ តំបន់​សហគមន៍​អឺរ៉ុប​ចំនួន​២០ ប្រទេស​ស្មើនឹង​៤៨% នៃ​ការនាំចេញ​សរុប គិត​ជា​បរិមាណ​មាន​ចំនួន ១៧ ៧៩៥ តោន ដែល​ស្មើនឹង​ទឹកប្រាក់​ចំនួន ១៣.៤៤​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​ដោយឡែក​ប្រទេស​ចិន និង​ហុងកុង គ្រប់គ្រង​ចំណែក​ការនាំចេញ​អង្ករ​កម្ពុជា​ចំនួន ៤១% ដែលមាន​បរិមាណ​ចំនួន ១៥ ០៤៥ តោន ដែល​ស្មើនឹង​ទឹកប្រាក់​ចំនួន ១១.៧៧ លាន​ដុល្លារ​សហរដ្ឋអាមេរិក ប្រទេស​អាស៊ាន​ចំនួន​២ មាន ប្រទេស​ម៉ាឡេស៊ី និង​សិង្ហ​បុរី ចំនួន ១ ៨៧១​តោន ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ១.០៩​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​ចំពោះ​គោលដៅ​ផ្សេងៗ ចំនួន​៧​រួមមាន​៖ ប្រទេស​ហ្កា​ប៊ុង សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ញ៉ូ​ហ្សេ​ឡេ​ន រុស្សី និង​អា​រ៉ា​បី​ត​សា​អូឌីត ចំនួន ២ ១៨៩ តោន ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ២.៥៣ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​បញ្ជាក់ថា ដោយសារ​ការឈប់​សម្រាក​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន ក្នុង​ខែមករា ប្រមាណ​ជា​ជិត ២​សប្តាហ៍​នៅ​ប្រទេស​ចិន ធ្វើ​ឲ្យ​មានការ​យឺតយ៉ាវ​ក្នុង​នាំចេញ​អង្ករ ទៅកាន់​ទីផ្សារ​ប្រទេស​ចិន និង​ធ្វើ​ឲ្យ​ការនាំចេញ​សរុប​មានការ​ថយចុះ​ផងដែរ​។​

​ចំពោះ​ប្រភេទ​អង្ករ​នាំចេញ កម្ពុជា​បានធ្វើ​ការនាំចេញ​អង្ករ​ក្រអូប​ប្រណិត «​ម្លិះ​អង្គរ​» ចំនួន ២២ ៨១០ តោន អង្ករ​សែន​ក្រអូប​ចំនួន ៩ ៣៥៨ តោន អង្ក​រស ធម្មតា​ចំនួន ១ ៧២១ តោន អង្ករ​ចំហុយ​ចំនួន ១ ៨៦៧ តោន អង្ករ​សរីរាង្គ​ចំនួន ១ ១៤៤ តោន​។​

​ចំណែក​ការនាំ​ស្រូវ​ចេញ​ចំនួន ២៥២ ៧១៤​តោន ហើយ​បើ​សរុប​តម្លៃ​នៃ​ការនាំចេញ​អង្ករ និង​ស្រូវ បាន​ទឹកប្រាក់​ចំនួន ៩២ លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕​ដោយៈសិរីមតី