អន្តរជាតិ

ក្រោយឮអ៊ុយក្រែនសុំយន្តហោះចម្បាំងពីបរទេស រុស្ស៊ីប្រកាសបង្កើនការផលិតរថក្រោះ

បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនហ្សេឡិនស្គី ទៅអឺរ៉ុបសុំយន្តហោះចម្បាំងផ្ទាល់ពីសម្ព័ន្ធមិត្ត    រុស្ស៊ីស្រាប់តែបានប្រកាសបង្កើនការផលិតរថក្រោះបន្ថែមទៀត។

យោងតាមសារព័ត៌មានរដ្ឋTASS​ របស់រុស្ស៊ី អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បាននិយាយកាលពីថ្ងៃទី៩ ខែកុម្ភៈភ្លាមៗ នៅថ្ងៃជាមួយគ្នាដែលហ្សេឡិនស្គី​មេដឹកនាំអ៊ុយក្រែនបានកំពុងធ្វើទស្សនកិច្ចនៅអឺរ៉ុប និងបានអំពាវនាវសុំយន្តហោះចម្បាំង​យ៉ាងខ្លាំងពីសម្ព័ន្ធមិត្ត។​ Medvedev បាននិយាយនៅក្នុងកិច្ចប្រជុំមួយក្នុងអំឡុងពេលធ្វើដំណើរ​ទៅកាន់រោងចក្រវិស្វកម្មដឹកជញ្ជូនរុស្ស៊ី Omsk យ៉ាងដូច្នេះថា រុស្ស៊ីត្រូវតែសាងសង់ និងដំឡើងរថក្រោះ​រាប់ពាន់គ្រឿងបន្ថែមទៀត ដើម្បីឆ្លើយតបនឹងអ៊ុយក្រែន ទោះបីគំនិតនេះមិនទាន់សម្រេចផ្លូវការ ឬស្ថិតនៅក្នុងរបៀបវារៈ កើតចេញពីបទបញ្ជាការពាររដ្ឋ និងការសម្រេចចិត្តដែលធ្វើឡើងដោយ​ប្រធានាធិបតី​រុស្ស៊ីក៏ដោយ។ សម្រង់សម្ដីរបស់លោក Medvedev “កាលពីម្សិលមិញ ដូចដែលអ្នកបានដឹងហើយថា សត្រូវរបស់យើងកំពុងសុំយន្តហោះ, មីស៊ីល និងរថក្រោះនៅឯបរទេស។ តើយើងត្រូវធ្វើអ្វីជាការឆ្លើយតប?”

តាមសេចក្តីរាយការណ៍លម្អិតដោយសារព័ត៌មានរដ្ឋ TASS នៅរោងចក្រដែលលោក Medvedev កំពុងស្ថិតនៅនោះ គេក៏បានសង្កេតឃើញនូវការរីកចម្រើនផ្នែកផលិតកម្មរថក្រោះរបស់រុស្ស៊ីថ្មីគឺ T-80BVM ជាមួយនឹងមុខងារទំនើបកម្មដ៏សាហាវ បំពាក់ជាមួយកាំភ្លើងបាញ់១២៥មីលីម៉ែត្រ,​ថាមពលរបស់ម៉ាស៊ីនទួរប៊ីនឧស្ម័នខ្ពស់។ មិនតែប៉ុណ្ណោះ រថក្រោះ T-80 ក៏មានបំពាក់នូវឧបករណ៍​ចល័តសម្រាប់ចាប់ចម្ងាយងាយស្រួលក្នុងការបាញ់ចំគោលដៅ និងឧបករណ៍ទប់លំនឹងអាវុធផងដែរ។

បើទោះរុស្ស៊ីថា នេះជាការឆ្លើយតបអ៊ុយក្រែនបែបណាក៏ដោយ តែដំណឹងផ្លូវការដែលថាអ៊ុយក្រែននឹង​ទទួលបាន​យន្តហោះចម្បាំងពីលោកខាងលិចគឺមិនទាន់ត្រូវបានចុះផ្សាយដោយសារព័ត៌មាន​អន្តរជាតិឯករាជ្យធំៗនោះទេ។ ការប្រកាសបង្កើនផលិតកម្មរុស្ស៊ី ធ្វើឡើងបន្ទាប់ពីរបាយការណ៍​អ្នកឃ្លាំមើលហូឡង់និយាយថា រុស្ស៊ីខាតបង់រថក្រោះរាប់ពាន់គ្រឿង រហូតដល់ទៅពាក់កណ្តាល​ក្នុងសង្រ្គាមនៅអ៊ុយក្រែន៕

ប្រភព៖TASS

ប្រភពរូប៖TASS
ប្រែសម្រួល៖សុខ តុលា