សេដ្ឋកិច្ច

ក្រសួង​សេដ្ឋកិច្ច ឆ្នាំ​២០២២ ប្រមូល​ចំណូល​សរុប​បាន​២៨.៨​ទ្រី​លាន​រៀល​

ភ្នំពេញ​៖​​ក្នុង​ឆ្នាំ ២០២២ ក្នុងអំឡុង​ពេលដែល​ប្រទេស​កម្ពុជា​នៅ​បន្ត​រង​ផលប៉ះពាល់​ដោយសារ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ច​សកល ការប្រមូល​ចំណូល​របស់​ក្រសួង​ជារួម(​ដោយ​មិន​បូក​ចំណូល​ពន្ធដារ​ថ្នាក់ក្រោម​ជាតិ​)​សម្រេច​បាន​លទ្ធផល​ល្អ​គួរកត់សម្គាល់ ក្នុង​ទំហំ ២៨.៨​ទ្រី​លាន​រៀល ស្មើនឹង ៩៩.១% ធៀប​ច្បាប់ (​លទ្ធផល​ប្រចាំឆ្នាំ​២០២១  សម្រេច​បាន​៩៨.៥% ធៀប​ច្បាប់​) ក្នុងនោះ ថ្នាក់កណ្ដាល សម្រេចបាន ២៨.៧៧​ទ្រី​លាន​រៀល ស្មើនឹង​៩៩.១%​ធៀប​ច្បាប់ រីឯ​ថ្នាក់មូលដ្ឋាន សម្រេច​បាន ៦៣៣.៥ លាន​រៀល​ស្មើនឹង ១៥៧.៦% ធៀប​ច្បាប់​។​

​អគ្គ​បណ្ឌិតសភា​ចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានថ្លែងដូច្នេះក្នុង​កិច្ចប្រជុំ​ពិភាក្សា​លើ «​របាយការណ៍​ត្រួតពិនិត្យ​ការអនុវត្ត​ថវិកា​ប្រចាំឆ្នាំ ២០២២» របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នា​ពាក់កណ្តាល​សប្តាហ៍​នេះ​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​បន្តថា​ចំណូល​សារពើពន្ធដែល​ប្រមូល​ដោយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​អគ្គ​នាយក​ដ្ឋា​ន​​ពន្ធដារ សម្រេចបាន​លើស​ផែនការ ក្នុង​រង្វង់ ១១១.៥%​ធៀប​ច្បាប់ (​គយ​និង​រដ្ឋាករ ១០៤.៩%, ពន្ធដារ​ថ្នាក់ជាតិ ១១៧.៥% និង​ពន្ធដារ​ថ្នាក់ក្រោម​ជាតិ ១២៤.៦%) ។ ដោយឡែក ចំណូល​ប្រមូលបាន​សរុប​របស់​ក្រសួង​ទាប​ជាង​ផែនការ​បន្តិច ដោយសារ ចំណូល​មិនមែន​សារពើពន្ធ​និង​ចំណូល​មូលធន ប្រមូលបាន​ទាប​ជាង​ច្បាប់​កំណត់ ត្រឹម ៨២.២% និង ៧១.៣% ធៀប​ច្បាប់​រៀង​គ្នា ។​

​សម្រាប់​ការអនុវត្ត​ចំណាយ​ប្រចាំឆ្នាំ ២០២២ របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មាន​ប្រមាណ ៩៦% នៃ​ឥណទាន​ថ្មី (​តួលេខ​ធានា​ចំណាយ​) និង​ប្រមាណ ៨៩.៧% នៃ​ឥណទាន​ថ្មី (​តួលេខ​អាណត្តិ​ទូទាត់​) ៕ដោយៈសិរីមតី