សន្ដិសុខសង្គម

កំពុងបន្តនីតិវិធីលើជនសង្ស័យ៥នាក់ ពាក់ព័ន្ធក្លែងឯកសណ្ឋានកងកម្លាំង

តាកែវ៖សមត្ថកិច្ចខេត្តតាកែវ បានចាប់និងបន្តនីតិវិធីជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីក្លែងបន្លំឯកសណ្ឋានអាវុធហត្ថ-នគរបាល-អង្គរក្សនិងយោធា ជាមួយសម្ភារវត្ថុតាងជាច្រើន។

មន្ត្រីចុះប្រតិបត្តិការបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី៩ ខែកុម្ភៈ កម្លាំងអាវុធហត្ថខេត្តតាកែវ បានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធក្លែងឯកសណ្ឋានកងរាជអាវុធហត្ថ។សមត្ថកិច្ចបានឃាត់ខ្លួនម្នាក់ឈ្មោះ យក់ សុជាតិ អាយុ៤៨ឆ្នាំ នៅភូមិពានមាស ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ជាគ្រូបង្ហាត់ក្នុងសមាគមជួយជនរងគ្រោះដោយសារគ្រឿងញៀន ។

បន្ទាប់មកនៅថ្ងៃដដែល កម្លាំងបានចុះដល់ទីតាំងសមាគមជួយជនរងគ្រោះដោយសារគ្រឿងញៀន ស្ថិតនៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ បានឃាត់ខ្លួន៤នាក់ទៀតពីបទក្លែងឯកសណ្ឋាន កងកម្លាំង។ ជនសង្ស័យទាំ៤នាក់នោះឈ្មោះ ប៉ា ឧត្តម អាយុ៣០ឆ្នាំ-ទេព ឡៃសេង អាយុ២៩ឆ្នាំ-ទេព មុនី អាយុ២៨ឆ្នាំ។ទាំង៣នាក់នេះធ្វើសន្តិសុខ និងឈ្មោះ ញឹក យីឡាយ អាយុ៥៦ឆ្នាំ ជាប្រធានសមាគមជួយជនរងគ្រោះដោយសារគ្រឿងញៀន។ពួកគេនៅ ស្រុកត្រាំកក់ ខេត្តតាកែវ និងស្រុកចម្ការលើ ខេត្តកំពង់ចាម។

ជាមួយវត្ថុតាងចាប់បានឯកសណ្ឋានអាវុធហត្ថខោចំនួន១២-អាវយឺត៧-មួក៩-ស្បែកជើងកវែង៧គូ-ឯកសណ្ឋានយោធា ខោចំនួន៣-អាវយឺត១-ឯកសណ្ឋាននគរបាល អាវចំនួន៤-ខោ២-ឯកសណ្ឋានអង្គរក្ស អាវយឺត៤-មួក៤ ។រថយន្ត២គ្រឿងម៉ាកLEXUS 470 ផ្លាកលេខភ្នំពេញ2AL-4513 និងLEXUS 400h ផ្លាកលេខខេមរភូមិន្ទ02  2-8985។បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ត្រូវបាន ផ្នែកជំនាញកំពុងអនុវត្តនីតិវិធី៕ដោយ៖វិចិត្រ