សេដ្ឋកិច្ច

​វិស័យ​កសិកម្ម​ ​ស្រូបយក​ឥណទាន​ពី​ធនាគារ​៨​ភាគរយនិង​ប្រមាណ​២៥​ភាគរយនៃ​ឥណទាន​សរុប​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​។​

ភ្នំពេញៈវិស័យ​កសិកម្ម​កម្ពុជានៅតែ​ជា​វិស័យ​អាទិភាព​សំខាន់​មួយ​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា និង​ទទួលបាន​ការគាំទ្រ​ពី​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​។​ជាក់ស្ដែង​វិស័យ​កសិកម្ម​កម្ពុជា បច្ចុប្បន្ន​បាន​ស្រូបយក​ឥណទាន​ពី​ធនាគារ​៨​ភាគរយ នៃ​ឥណទាន​របស់​ធនាគារ​សរុប និង​ប្រមាណ​២៥​ភាគរយ នៃ​ឥណទាន​សរុប​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​។​

​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាលពី​ថ្ងៃទី​៧ កុម្ភៈ ២០២៣ លោក​រ័ត្ន សោភ័ណ អនុប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​បាន​មានប្រសាសន៍ថា គិត​មកដល់​បច្ចុប្បន្ន​នេះ ឥណទាន​របស់​ធនាគា​រ ដែល​បានផ្ដល់​ក្នុង​វិស័យ​កសិកម្ម មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​៣,៧​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​បណ្ដា​ធនាគារ នៅតែ​បន្ត​ផ្ដល់​កម្ចី​ដល់​វិស័យ​កសិកម្ម បន្ថែម​សម្រាប់​ឱ្យ​វិស័យនេះ កាន់តែ​មានតែ​ការ រីក លូតលាស់ និង​រួមចំណែក​ដល់​ការ​អភិ​វ ឌ្ឍ​សេដ្ឋកិច្ច​បន្ថែម​។​

​លោក​បន្តថា ទឹកប្រាក់​ដែល​បានផ្ដល់​ជូន ក្នុង​វិស័យ​កសិកម្ម​នេះ ជា​ទឹក​តួលេខ​ច្រើន​មួយ ក្នុងចំណោម​បណ្ដា​វិស័យ​ផ្សេងៗ​ទៀត ដែល​ទទួលបាន​ឥណទាន​ពី​គ្រឹះស្ថាន​ធនាគារ ដោយ​ធនាគារ​មួយចំនួន​នៅតែ​បន្ត​ផ្ដោតលើ​កសិកម្ម ហើយ​យុទ្ធសាស្ត្រ​របស់​គ្រឹះស្ថាន ធនា គារ​ យ៉ាងណា​នោះ យើង​មិនអាច​ដឹង​ស៊ីជម្រៅ ពី​យុទ្ធសាស្ត្រ​របស់​គ្រឹះស្ថាន​ទាំងនោះ​ដែរ ។​

លោក​សុខ វឿន ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ក៏បាន​ថ្លែង​ផងដែរ​ថា សម្រាប់​វិស័យ​មីក្រូហិរញ្ញវត្ថុ​វិញ ក៏បានផ្ដល់​កម្ចី​ដល់​វិស័យ​កសិកម្ម​រហូតដល់​២៥​ភាគរយ នៃ​ឥណទាន​សរុប​គិត​ជា​ទឹកប្រាក់ មាន​ប្រមាណ​១,៧​ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​ក្នុងនោះ​មាន​ទាំង​ឥណទាន​ខ្នាតតូចៗ​និង​ខ្នាត​ធំ ប៉ុន្តែ​ភាគច្រើន​គឺ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយចំនួន បានផ្ដល់​ឥណទាន ក្នុង​វិស័យ​កសិកម្ម​ជា​កម្ចី​ខ្នាតតូច ៗ​ សម្រាប់​កសិករ ។​

​លោក​បន្តថា បច្ចុប្បន្ននេះ មាន​ក្រុម​មួយចំនួន​បានផ្ដល់​ឥណទាន​ទៅដល់​ប្រជាពលរដ្ឋ ដោយ​មិន​ត្រឹមត្រូវ​ស្របច្បាប់ ដែលជា​កត្តា​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ធ្លាក់​ក្នុង​វិបត្តិ ឬ​បំណុល​កាន់តែច្រើន ដោយសារតែ​ក្រុម​ផ្ដល់​ឥណទាន​អត់​ច្បាប់​ទាំងនោះ បាន​យកការប្រាក់​ពី​អតិថិជន​ច្រើន និង​មាន​លក្ខណៈ​គម្រាមកំហែង​ដល់​អតិថិជន​៕ដោយៈផាវី​