អន្តរជាតិ

ឧបនាយករដ្ឋមន្រ្តីអ៊ុយក្រែនប្រាប់មកថា៖ អ៊ុយក្រែនជិតចាប់ផ្តើមរៀបចំកម្លាំងរំដោះគ្រីមៀរហើយ

ឧបនាយករដ្ឋមន្រ្តីអ៊ុយក្រែន បានជូនដំណឹងមកថា រដ្ឋាភិបាលទីក្រុងគៀវ ជិតចាប់ផ្តើមរៀបចំ​កងកម្លាំងបម្រុងរំដោះយកតំបន់គ្រីមៀរពីរុស្ស៊ីមកវិញហើយ ខណៈនឹងរៀបចំបុគ្គលិក​បម្រុងរដ្ឋបាលគ្រប់ជាន់ថ្នាក់។

នេះដោយផ្អែកលើប្រភពលោកស្រី Iryna Vereshchuk ដែលជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងធ្វើសមាហរណកម្មនៃដែនដីកាន់កាប់បណ្តោះអាសន្នអ៊ុយក្រែន ក្នុងកិច្ចប្រជុំអន្តរក្រសួង ដូចដែលបានរាយការណ៍នៅលើគេហទំព័ររបស់ក្រសួងកាលពីថ្ងៃពុធ ទី៨ ខែកុម្ភៈ។ លោកស្រីជូនដំណឹងថា ការរំពឹងទុកនៃការរំដោះនៅគ្រីមៀរគឺ ចាំបាច់ត្រូវចាប់ផ្តើមបណ្តុះបណ្តាលបុគ្គលិកសម្រាប់គ្រីមៀរនាពេលនេះជាមុនសិន រួមមានទាំងភ្នាក់ងារអនុវត្តច្បាប់ បុគ្គលិកយុត្តិធម៌ អ្នកអប់រំ និងមន្ត្រីរាជការដទៃទៀត។ នាពេលខាងមុខនេះ នាយកដ្ឋានពាក់ព័ន្ធនឹងត្រូវបានណែនាំទៅរៀបចំ​បម្រុង​បុគ្គលិក​សម្រាប់តំបន់​គ្រីមៀរ”។

Vereshchuk បានកត់សម្គាល់ទៀតថា ការធ្វើសមាហរណកម្មនៅ Crimea មានលក្ខណៈពិសេស​ជាច្រើនដែលត្រូវយកមកពិចារណា រួមទាំងចំនួនប្រជាជនដ៏សំខាន់ និងរយៈពេលវែងនៃការកាន់កាប់​បណ្តោះអាសន្ននោះ។ ទាំងអស់នេះត្រូវតែយកមកពិចារណានៅពេលបង្កើតក្របខ័ណ្ឌនីតិបញ្ញត្តិ និងអំឡុងពេលសមាហរណកម្មរំដោះទឹកដីបានមកវិញ៕

ប្រភព៖Ukrainska Pravda

ប្រភពរូប៖Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា