អន្តរជាតិ

អ្នកស្លាប់កើនដល់ជាង១៥.០០០នាក់ក្នុងគ្រោះរញ្ជួយដីនៅតួកគី និងស៊ីរី

គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ អ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅតួកគីនិងស៊ីរី បានកើនឡើងដល់ជាង ១៥.០០០នាក់ហើយ។

នេះដោយយោងតាមរបាយការណ៍ពីក្រុមមន្ត្រី និងក្រុមគ្រូពេទ្យដែលកំពុងចូលរួមប្រតិបត្តិការ អន្តរាគមន៍នៅកន្លែងកើតហេតុដែលត្រូវបានចុះផ្សាយដោយសារព័ត៌មានអន្តរជាតិ។ គិតមកទល់នឹងព្រឹកថ្ងៃព្រហស្បតិ៍ ទី ៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ចំនួនអ្នកស្លាប់ដោយសារការ រញ្ជួយដីដ៏សាហាវដែលបានវាយប្រហារប្រទេសតួកគី និងស៊ីរីកាលពីថ្ងៃចន្ទនោះបានកើន ឡើងដល់១៥.៣៨៣ នាក់ហើយ។ ក្រុមមន្ត្រី និងក្រុមគ្រូពេទ្យបាននិយាយថា ក្នុងចំណោម១៥.៣៨៣ នាក់ រួមមាន ១២.៣៩១ នាក់បានស្លាប់នៅក្នុងប្រទេសតួកគី និង ២.៩៩២ នាក់ស្លាប់នៅក្នុងប្រទេសស៊ីរី។

ការរញ្ជួយដីដ៏សាហាវ ៧.៨ រិចឆ្ទ័រកាលពីថ្ងៃចន្ទ បានកើតឡើងនៅវេលាទៀបភ្លឺ ក្នុងពេលដែលមនុស្សម្នា កំពុងលង់លក់ក្នុងដំណេក ស្ថិតនៅភាគខាងត្បូងប្រទេសតួកគី និងឆ្លងព្រំដែនភាគខាងជើងរបស់ស៊ីរី។ សេចក្តីរាយការណ៍បានឲ្យដឹងបន្តថា ក្រុមអ្នកជួយសង្រ្គោះស្ម័គ្រចិត្តរាប់ពាន់នាក់មកពីក្នុងស្រុក និងក្រៅស្រុកប្រមាណ ៧០ប្រទេសកំពុងបន្តប្រតិបត្តិការស្វែងរកយ៉ាងមមាញឹកជាទីបំផុត ទោះជាមានឧបសគ្គអាកាសធាតុត្រជាក់មកលាយឡំក៏ដោយ៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា